មកស្គាល់ឈ្មោះទេពធីតាមហាសង្ក្រាន្តទាំង៧ ដែលជាបុត្ររបស់ កបិលមហាព្រហ្ម

រូបភាពពី សសយក អង្គរសង្ក្រាន្ត

ក្នុងស្ថានភាពនៃប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឈមជាមួយជម្ងឺកូវីដ១៩ រាជរដ្ឋាភិបាល បានផ្អាកមិនឲ្យមានការជួបជុំនៅតាមទីវត្តអារាម និងការសប្បាយនៅទីសាធារណៈ និងលើកថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ ទៅពេលសមរមវិញ ដើម្បីការពារការរីករាលដាលនៃជម្ងឺកូវីដ១៩នេះ ដល់សហគមន៍។

ដោយឡែក ស្អែកជាថ្ងៃចូលឆ្នាំ ដែលនឹងមកដល់ថ្ងៃទី ១៣ ដល់ ១៦ ខែមេសា នេះ បងប្អូនប្រជាពលរដ្ឋអាចប្រារព្ធពិធីសែនទទួលទេវតាឆ្នាំថ្មី នៅតាមគេហដ្ឋានរៀងៗខ្លួន។ ខាងក្រោមនេះជាឈ្មោះ ទេពធីតាទាំងប្រាំពីរ បុត្ររបស់កបិលមហាព្រហ្ម ដែលមានពីបុរាណកាល៖ 

ឈ្មោះទេពធីតាមហាសង្ក្រាន្ត និងគ្រឿងអភរណៈ៖

១៖ បើសង្ក្រាន្តជាថ្ងៃអាទិត្យ ទេពធីតាព្រះនាម "ព្រះនាងទុង្សាទេវី" សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ (គ្រឿងសោយ)អាវុធស្តាំកងចក្រ ឆ្វេងខ្យងស័ង្ខ ពាហនៈជាសត្វគ្រុឌ។
២៖ បើថ្ងៃចន្ទ ទេពធីតាព្រះនាម "ព្រះនាងគោរាគទេវី" សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់កែវមុក្តា (គជខ្យង) ភក្សាហារប្រេងអាវុធស្តាំព្រះខ័ឌ្គ ឆ្វេងឈើច្រត់ ពាហនៈសត្វខ្លា។
៣៖ បើថ្ងៃអង្គារ ទេពធីតាព្រះនាម "ព្រះនាងរាគសាទេវី" សៀតផ្កាឈូក គ្រឿងប្រដាប់កែវមោរ៉ា (ត្បូងកែវរាងមូល) ភក្សាហារលោហិតអាវុធស្តាំត្រីសូល៍ (លំពែងផ្លែ៣) ឆ្វេងធ្នូ ពាហនៈសត្វសេះ។
៤៖ បើថ្ងៃពុធ ទេពធីតាព្រះនាម "ព្រះនាងមណ្ឌាទេវី" សៀតផ្កាចម្ប៉ា គ្រឿងប្រដាប់ពិទូរ្យ (កែវ) ភក្សាហារទឹកដោះសិប្បិ អាវុធស្តាំម្ជុលឆ្វេងឈើច្រត់ ពាហនៈសត្វលា។

៥៖ បើថ្ងៃព្រហស្បតិ៍ ទេពធីតាព្រះនាម "ព្រះនាងកិរិណីទេវី" សៀតផ្កាមណ្ឌា គ្រឿងប្រដាប់កែវមរកត (ត្បូងពណ៌បៃតង)  ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ (ដង្កាវដំរី) ឆ្វេងកាំភ្លើងពាហនៈសត្វដំរី។

៦៖ បើថ្ងៃសុក្រ ទេពធីតាព្រះនាម "ព្រះនាងកិមិរាទេវី" សៀតផ្កាចង្កុលនី គ្រឿងប្រដាប់បុស្សរាគ័ម ភក្សាហារចេកណាំវ៉ាអាវុធស្តាំព្រះខ័ឌ្គ ឆ្វេងពិណ ពាហនៈសត្វក្របី។
៧៖ បើថ្ងៃសៅរ៍ ទេពធីតាព្រះនាម "ព្រះនាងមហោទរាទេវី" សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលរតន៍ ភក្សាហារសាច់ទ្រាយអាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈសត្វក្ងោក៕