សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើសន្និសីទរួមគ្នាជាមួយប្រធានាធិបតីបារាំង

ទីក្រុងប៉ារីស៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ នៅឯទីក្រុងប៉ារីសប្រទេសបារាំង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើសន្និសីទរួមគ្នាជាមួយឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។

សូមជម្រាបថា សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់លោកប្រធានាធិបតីបារាំង។

នៅឯវិមានរដ្ឋាភិបាលបារាំង អេលីហ្សេ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រធានាធិបតីបារាំង បានធ្វើសន្និសីតរួមគ្នា ហើយបានអញ្ជើញទស្សនកិច្ចនៅក្នុងវិមានអេលីហ្សេ ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត។

នៅក្នុងសន្និសីទព័ត៌មានរួមគ្នានៅវិមានអេលីហ្សេ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតីបារាំង បានគូសរំលេចឡើងវិញអំពីចំណង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរលង់រវាងប្រទេសទាំងពីរ។

ក្នុងសន្និសីទនេះឯកឧត្តម ម៉ាក្រុង បានថ្លែងរម្លឹកអំពីការលើកស្ទួយ និងការការពារសន្តិភាពនៅកម្ពុជាកាលពីអតីតកាល។ ឯកឧត្តមប្រធានាធិបតី ក៏បានរំលឹកអំពីសុន្ទរកថារបស់លោកឧត្តមសេនីយ៍ ហ្សាល ដឺហ្គោល កាលពីឆ្នាំ១៩៦៦ នៅរាជធានីភ្នំពេញ ដែលអំពាវនាវឱ្យសហរដ្ឋអាមេរិក កុំពង្រីកសង្គ្រាមនៅឥណ្ឌូនចិន។

ឯកឧត្តម ម៉ាក្រុង ក៏បានរម្លឹកឡើងវិញផងដែរ អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩១ ស្តីពីសន្តិភាពនៅកម្ពុជា ដើម្បីធានាអធិបតេយ្យភាព បូរណភាពទឹកដីរបស់កម្ពុជា សម្រាប់ការកសាងកម្ពុជាឡើងវិញ។

ទន្ទឹមនឹងរំលឹកអំពីការជួយជ្រោមជ្រែងដល់កម្ពុជាលើដំណើរស្វែងរកសន្តិភាពកាលពីអតីតកាលហើយនោះ ឯកឧត្តមប្រធានាធិបតីបារាំង ក៏បានបង្ហាញការអរគុណ និងស្ញប់ស្ញែងចំពោះទឹកចិត្តរបស់សម្តេចតេជោ ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ដូច្នេះ «ខណៈដែលសង្គ្រាមកំពុងកើតឡើងនៅអឺរ៉ុប សម្តេចបានសម្រេចចិត្តអញ្ជើញមកទីក្រុងប៉ារីស ដើម្បីចូលរួមក្នុងសន្និសីទស្តីពីការគាំទ្រប្រជាពលរដ្ឋអ៊ុយក្រែន នៅក្នុងក្របខណ្ឌនៃការបន្តអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការធ្វើទុកបុកម្នេញរបស់ប្រទេសរុស្ស៉ី និងដើម្បីការពារសន្តិភាពជានិរន្ត។ ខ្ញុំសូមអរគុណសម្តេចជាឱឡារិក»។

ឯកឧត្តម ប្រធានាធិបតី ក៏បានគូសរំលេចផងដែរថា ការជួបជាមួយសម្តេចតេជោ ក៏អនុញ្ញាតឱ្យភាគីទាំងពីរអាចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។

ក្នុងសេចក្តីថ្លែងការណ៍ពេលធ្វើសន្និសីទព័ត៌មាននោះ ឯកឧត្តម ម៉ាក្រុង ក៏បានអត្ថាធិប្បាយផ្តល់ការកោតសរសើរកម្ពុជា ចំពោះការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម ប្រធានាធិបតី បានថ្លែងថា នេះជាគំរូដ៏គួរឱ្យកត់សម្កាល់របស់ប្រទេសមួយក្នុងការចាត់ចែងការអភិវឌ្ឍដ៏លឿន ដោយគិតគូរពីគោលនយោបាយថាមពលដ៏ល្អអស្ចារ្យ។

ក្នុងសន្និសីទព័ត៌មាននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតថ្លែងអំណរគុណប្រទេសបារាំង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជារហូតដល់បច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណលោកប្រធានាធិបតី ដែលរដ្ឋាភិបាលបារាំង ដែលទទួលប្រជាពលរដ្ឋខ្មែររត់ភៀសខ្លួនពីសង្គ្រាម និងពីរបបប្រល័យពូជសាសន៍ប៉ុលពត។

សម្តេចតេជោ បានគូសបញ្ជាក់ថា «ការរីកចម្រើនរបស់យើងមិនអាចកាត់ផ្តាច់ ចេញពីការជួយឧបត្ថម្ភទាំងឡាយរបស់បារាំងបានទេ»។

ក្នុងសន្និសីទព័ត៌មាននោះ សម្តេចតេជោ បានបង្ហើបប្រាប់ប្រធានាធិបតីបារាំងអំពីការរកឃើញរូបសំណាកមិត្តភាពកម្ពុជា-បារាំង ហើយគ្រោងនឹងសាងសង់រូបសំណាកនោះឡើងវិញ នៅមុខស្ថានទូតបារាំងក្នុងរាជធានីភ្នំពេញ។

បើតាមសម្តេចតេជោ រូបសំណាកនេះត្រូវបានប្រទះឃើញ៣ថ្ងៃមុន ដំណើរសម្តេចតេជោទៅកាន់ប្រទេសបារាំង។ រូបសំណាកនេះ ត្រូវបានសាងសង់ក្នុងឆ្នាំ១៩២៥ ហើយត្រូវបានខ្មែរក្រហមវាយកម្ទេចចោលក្នុងឆ្នាំ ១៩៧៧។

សម្តេចតេជោ បានថ្លែងបញ្ជាក់ថា សម្តេចបានយល់ព្រមជាមួយរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មរួចហើយ យើងនឹងកសាងរូបសំណាកនេះឡើងវិញ ដែលជានិមិត្តរូបនៃការសាមគ្គីភាពរវាងបារាំង និងកម្ពុជា ហើយដាក់នៅទល់មុខស្ថានទូតបារាំងតែម្ដង។ សង្ឃឹមថា ឯកឧត្តមប្រធានាធិបតី មិនជំទាស់នឹងគម្រោងនេះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកសំណើឱ្យមានការជជែកគ្នាឡើងវិញ ក្នុងការកំណត់កាលបរិច្ឆេទឱ្យបានច្បាស់លាស់នៃការបង្កើតទំនាក់ទំនងការទូតរវាងបារាំង និងកម្ពុជា។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតគូសរំលេចពីការទស្សន៍ទាយរបស់សម្តេច ពាក់ព័ន្ធការប្រកួតបាល់ទាត់ពិភពលោក។ សម្តេចតេជោ បានប្រាប់ប្រធានាធិបតីពីក្តីរំពឹងថា បារាំង នឹងលើកពាន ហើយសម្តេចតេជោ ក៏បានជូនពរបារាំងឱ្យលើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២នេះផងដែរ៕