សភាយុវពាណិជ្ជអន្តរជាតិកម្ពុជាសាខាចតុមុខ ផ្ដល់កញ្ចប់សប្បុរសធម៌ ដល់៣៣១គ្រួសារក្រីក្រ

រាជធានីភ្នំពេញ៖ នាថ្ងៃ អង្គារ៍ ទី ៧ ខែមេសាក្រុមការងារនិងសមាជិក សភាយុវពាណិជ្ជអន្តរជាតិកម្ពុជាសាខាចតុមុខ បានចុះចែកកញ្ចប់សប្បុរសធម៌ដល់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលកំពុងតែជួបនូវបញ្ហាប្រឈមដ៏លំបាកដែលមានចំនួនសរុប៣៣១ គ្រួសារ ក្រោមយុទ្ធនាការ ការចែករំលែកគឺជាការយកចិត្តទុកដាក់។

យុទ្ធនាការ "ការចែករំលែកគឺជាការយកចិត្តទុកដាក់"គឺជាយុទ្ធនាការសប្បុរសធម៌ ដែលរៀបចំឡើងដោយសភាយុវពាណិជ្ជអន្តរជាតិកម្ពុជាសាខាចតុមុខគាំទ្រដោយសភាយុវពាណិជ្ជអន្តរជាតិកម្ពុជាក្នុងគោលបំណងផ្តល់ជាកញ្ចប់សប្បុរសធម៌ដែលរួមមានជាស្បៀង និង សម្ភារមួយចំនួនទៅដល់ជនងាយរងគ្រោះដោយសារឥទ្ធិពលនៃជម្ងឺ កូវីដ១៩ ឬ COVID-19។

ដោយមានការឧបត្ថម្ភជាស្បៀងអាហារ ជាសម្ភារ និងជាថវិការ ពីសំណាក់សប្បុរសជនទាំងអស់។ អំណោយដែលបានផ្តល់ជូន មានដូចជា អង្ករ៥គីឡូក្រាម ត្រីខ ២កំប៉ុង មី១កញ្ចប់ ម៉ាសពេទ្យ ២សន្លឹក និង ថវិការ ១០០០០ រៀលក្នុង ១គ្រួសារ ទៅដល់ ១៤២ គ្រួសារស្ថិតនៅផ្លូវ១៧៤ ក្បែងវត្តកោះ និង ១៨៩គ្រួសារផ្សេងទៀត ស្ថិតនៅសមាគមន៍ជនក្រីក្រក្នុងភូមិសែនសុខទី៥ សង្កាត់ឃ្មួញខណ្ឌសែនសុខ រាធានីភំ្នពេញ។

ជាចុងក្រោយ តំណាងក្រុមការងារនេះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្ម័គ្រចិត្ត ការឧបត្ថម្ភក៏ដូចជាការរួមចំណែកពីសមាជិកសភាយុវពាណិជ្ជអន្តរជាតិកម្ពុជាគ្រប់សាខាទាំងអស់ព្រមទាំងសប្បុរសជនក្នុងការចូលរួមទប់ស្កាត់ និង បង្ការការឆ្លងនៃជម្ងឺ កូវីដ១៩នេះ៕