រាជធានីភ្នំពេញ៖ មន្ត្រី៤រូប ត្រូវដកមួយសក្ដិ និងបញ្ឈរជេីងរយ:ពេល៣ខែ ក្រោយរកឃើញកំហុសឆ្គងលើការផាកពិន័យអ្នកបើកបរដែលគ្មានកំហុស នៅតាមដងផ្លូវ។
យោងតាមសេចក្តីបកស្រាយបំភ្លឺ ព័ត៌មាន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ទាក់ទងទៅនឹងមន្ត្រីនៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលបានប្រព្រឹត្តកំហុស ដោយបានហៅឃាត់រថយន្តមកធ្វើការផាកពិន័យ ដោយអ្នកបើកបរមិនមានកំហុស។
ស្នងការរងទទួលផែនធនធានមនុស្ស ការិយាល័យបុគ្គលិក ផ្នែកវិន័យ ធ្វេីការកោះហៅមន្ត្រីគោលដៅទាំង៤រូប មកសួរនាំនៅការិយាល័យ ក្រោយធ្វេីការសួរនាំរួច មន្ត្រីទាំង៤រូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយហៅអ្នកបេីកបរធ្វេីការផាកពិន័យ មិនចេញវិក្កយបត្រ ស្របពេលដែលអ្នកបេីកបរមិនមានកំហុសទាល់តែសោះ ។
ផ្នែកវិន័យ នៃការិយាល័យបុគ្គលិក បានសម្រេចដកមន្ត្រីទាំង៤រូបនេះមកបញ្ឈរជេីងរយ:ពេល៣ខែ បង្ហាញមុខជាប្រចាំរាល់ម៉ោងធ្វេីការ នៅការិយាល័យបុគ្គលិក ធ្វេីកិច្ចសន្យា ជាពិសេស មន្ត្រីដែលប្រព្រឹត្តកំហុសត្រូវបានដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) ដេីម្បីជាការព្រមានចំពោះការប្រព្រឹត្តកំហុសនេះ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៩:១៥នាទីព្រឹក នៅចំណុចគោលដៅស្តុបទន្លេបាសាក់ តាមបណ្តោយមហាវិថីម៉ៅសេទុង មានករណីផាកពិន័យពុំត្រឹមត្រូវ និងមិនចេញវិក្កយបត្រ ប្រព្រឹត្តដោយក្រុមមន្ត្រីនៅគោលដៅនោះ ទៅលើរថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ ខណៈពេលអ្នកបើកបរពុំបានប្រព្រឹត្តល្មើសភ្លើងសញ្ញាចរាចរណ៍ឡើយ (ភ្លើងពណ៌បៃតង) ដោយមានភស្តុតាងជាវីដេអូកាមេរ៉ាភ្ជាប់នៅក្នុងរថយន្ត ពេលកំពុងបើកបរឆ្លងស្តុប ។
លុះដល់ព្រឹកថ្ងទី២២ ខែតុលា ឆ្នាំ២០២២ មានបែកសារជាសម្លេងទទួលកំហុសដែលលោកអនុសេនីយ៍ទោ ព្រំ ចាន់ដារ៉ា បានយកគណនីហ្វេសប៊ុករបស់លោកអនុសេនីយ៍ឯក ថាច ប៊ុនធឿន ផ្ញើសារទៅកាន់ម្ចាស់រថយន្ត ដើម្បីផ្ទេរប្រាក់ជូនវិញ និងស្នើសុំលុបវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គម ប៉ុន្តែត្រូវបានម្ចាស់រថយន្តបដិសេធ៕