ខេត្តព្រះវិហារ៖ស្រូវវស្សាជិត ១ម៉ឺនហិចតា រងការលិចលង់ ដោយជំនន់ទឹកភ្លៀង

ផ្អែកតាមរបាយការណ៍របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា នៅក្នុងខេត្តព្រះវិហារ គិតមកដល់ត្រឹមថ្ងៃ១១តុលា២០២២ ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋ ២២៩ខ្នងផ្ទះ និងជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពចំនួន ១២៣ គ្រួសារ។ 

រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ចាន់ ចេស្តា លើកឡើងថា ក្នុងនោះ ប៉ះពាល់ស្រូវស្រែចំការចំនួន៩ពាន់ ៧៤៩ហិចតា ស្មើនឹង ៦ពាន់៣៤៨ គ្រួសារ ប៉ះពាល់ដំណាំផ្សេងៗ ៤ពាន់ ៧៨១ហិចតា ស្មើនឹង ៤ពាន់ ៥៧ គ្រួសារ ក្នុងនោះមានការខូចខាតជាបឋម ដោយសារទឹកមិនស្រកផុត គឺស្រូវស្រែចំការ ចំនួន ២ពាន់ ៤៣០ហិចតា ស្មើនឹង ២ពាន់ ៣៣៨ គ្រួសារ និងដំណាំផ្សេងៗ ចំនួន ២ពាន់ ៣០០ហិកតា ស្មើនឹងចំនួនមនុស្ស ២ពាន់ ៣៣០គ្រួសារ។

ផ្ទៃដីស្រូវដែលខូចខាតនេះ សម្រាប់ចុងរដូវ ពួកគាត់មានបញ្ហាមួយពេល ដែលឱ្យពូជស្រូវមកគាត់មិនអាចធ្វើស្រូវបាន ដោយសារអត់មានប្រភពទឹក ។ ប៉ុន្តែ សម្រាប់ពូជស្រូវនេះ គាត់ថា បើមិនអាចធ្វើចុងរដូវវស្សាបាន គឺគាត់អាចធ្វើដើមរដូវវស្សាឆ្នាំក្រោយក៏បានដែរ។

លោក ចាន់ ចេស្ដា បានផ្តល់ជាជម្រើសដល់ប្រជាពលរដ្ឋថា  បើគាត់មិនធ្វើស្រូវទេ គឺអាចជ្រើសរើសយកនូវពូជដំណាំរួមផ្សំ និងបន្លែ ដែលអគ្គនាយកដ្ឋានកសិកម្ម មានរហូតដល់ ១៦មុខ។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសន្យាថា នឹងនៅកៀកជាមួយប្រជាពលរដ្ឋជានិច្ច ដើម្បីទទួលយកសំណូមពរទាំងឡាយ  ជាពិសេស មិនឱ្យប្រជាពលរដ្ឋដាច់ស្បៀង ដោយអាជ្ញាធរមិនបានដឹងនោះឡើយ៕