រាជធានីភ្នំពេញ៖ AFD នៅតែរក្សាទំហំឥណទានសម្បទានប្រចាំឆ្នាំចន្លោះពី ១០០ទៅ១២០លានអឺរ៉ូ ដល់ការអភិវឌ្ឍន៍នៅកម្ពុជា នេះបើតាមការលើកឡើងរបស់លោក Jean-Pierre Marcelli នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) ថ្មី .
ក្នុងឱកាសដែល ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Jean-Pierre Marcelli នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (The Agence Française de Développement - AFD) ថ្មី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ អមដំណើរដោយលោកស្រី Sandrine Boucher នាយក AFD ថ្មី ប្រចាំកម្ពុជា, នៅរសៀលថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០២២, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
៣០ឆ្នាំ ចុងក្រោយ AFD បានផ្ដល់ហិរញ្ញប្បទានសរុប ប្រមាណ ៨៨៨លានអឺរ៉ូដល់កម្ពុជា ដែលក្នុងនោះ មានឥណទានសម្បទានចំនួន ៥៣៣លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណងចំនួន ១៧៨លានអឺរ៉ូ ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវជនបទ ធារាសាស្រ្ត កសិកម្ម ទឹកស្អាត អគ្គិសនី អប់រំ និងសុខាភិបាល។
ឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីការមកដល់នៃវិបត្តិជាបន្តបន្ទាប់ដូចជា ការកើនឡើងខ្ពស់នៃអតិផរណា និងអត្រាការប្រាក់ ការថមថយសេដ្ឋកិច្ចនៅប្រទេសអភិវឌ្ឍ និងប្រទេសចិន និងវបត្តិនៃសង្គ្រាមនៅអ៊ុយក្រែន ព្រមទាំងបញ្ហាភូមិសាស្រ្ដនយោបាយក្នុងតំបន់ និងអន្តរជាតិ បាននិងកំពុងបង្កផលប៉ះពាល់អវិជ្ជមានដល់កិច្ចដំណើរការស្ដារ និងជំរុញ កំណើនសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា។
លោក Jean Pierre Marcelli បានបញ្ជាក់ថា រដ្ឋាភិបាលបារាំង នៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ក្នុងទំហំឥណទានសម្បទានប្រចាំឆ្នាំ ចន្លោះពី ១០០ ទៅ ១២០លានអឺរ៉ូ សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្ដារសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងយុទ្ធសាស្រ្ដរបស់ AFD ( country strategy 2022-2026)៕