លោក រ៉េត សារ៉ាត ឡើងកាន់តំណែងជាប្រធានមន្ទីរ ធម្មការ និងសាសនា ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ លោក រ៉េត សារ៉ាត ជាអនុប្រធានមន្ទីរធម្មការ សាសនាខេត្តកំពង់ចាម ត្រូវបានតែងតាំងជាប្រធានមន្ទីរ ជំនួសលោក ស្រី សុភ័ក្រ អតីតប្រធានមន្ទីរធម្មកា និងសាសនា ដែលត្រូវបានរាជរដ្ឋាភិបាលតែងតំណែងជា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម។

ពិធីប្រកាសចូលកាន់មុខតំណែងនេះ ធ្វើឡើងនារសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នេះក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។

ពិធីនេះប្រារព្ធធ្វើឡើងនៅសាលសន្និសីទ សាលាខេត្ត ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះមន្រ្តីសង្ឃនៃសាលាគណខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ ស្រុកទាំង១០ មេឃុំ ចៅសង្កាត់ទាំង១០៩ តំណាងសាសនាទាំង៤ និងមន្ត្រីពាក់ព័ន្ធប្រមាណជាង៥០០នាក់៕