ស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់ និងស្តុបសុិនជូរីប្លាស្សា នឹងត្រូវបើកការដ្ឋាននៅថ្ងៃទី ៣១ ខែសីហា

រាជធានីភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានអាកាសនៅច្រមុះជ្រូកក្បាលថ្នល់ និងស្តុបសុិនជូរីប្លាស្សា នឹងត្រូវធ្វើនៅថ្ងៃទី ៣១ ខែសីហា ក្រោមវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន។

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំ​ឱ្យ​ពង្វាងចរាចរនៅមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចន្លោះពីវិថី កងយោធពលខេមរភូមិន្ទ ដល់មហាវិថី អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដោយផ្ដើមចាប់ពីថ្ងៃ២៩ សីហា រដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវលាងសម្អាតទីតាំង សម្រាប់រៀបចំកម្មវិធី។

បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៧ កន្លែង នោះគឺស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ ស្ពានអាកាសចោមចៅ ស្ពានអាកាសផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែត្រលេខ៦៕