ឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ ដឹកនាំកម្លាំងចុះជួយប្រមូលផលស្រូវ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់

បន្ទាយមានជ័យ៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ អញ្ជើញដឹកនាំកម្លាំង ចំនួន ១១០នាក់ សហការជាមូយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កងរាជអាវុធហត្ថ នគរបាល អាជ្ញាធរមូលដ្ឋាន និង ឯកឧត្តម ស្រេង សុផល អនុប្រធាន ក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ លោកអភិបាលក្រុងសិរីសោភ័ណ ចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ស្ថិតនៅក្នុងភូមិស្នាយដង្គត់ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ដោយមើលឃើញការលំបាក របស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ ដែលបណ្តាលឲ្យខូចខាតស្រូវមួយចំនួន ដោយថ្ងៃនេះកម្លាំងទាំងអស់ បានចុះជួយច្រូតស្រូវ សរុបចំនួន ៤គ្រួសារ ស្មើនឹង ៥,៥ហិកតា។ ប្រជាពលរដ្ឋមានការសប្បាយរីករាយ ត្រេកអរ និងអរគុណដល់ គ្រប់បណ្តាអង្គភាពទាំងអស់ ដែលបានចុះជួយទាន់ពេវេលា។

ក្នុងឱកាសនោះដែរប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេស ឯកឧត្តម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ដែលតែងតែយកចិត្តទុកដាក់ចាត់តាំងកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗគ្រប់កាលៈទេសៈ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។