រាជធានីភ្នំពេញ៖ សម្ដេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា កំពុងពិចារណាក្នុងការទូលថ្វាយព្រះមហាក្សត្រ ស្នើដាក់ប្រទេសក្នុងគ្រាអាសន្ន ខណៈដែលជំងឺកូវីដ១៩កំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់សម្ដេចតេជោ ក្នុងឱកាសដែលសម្ដេចជួបសំណេះសំណាលជាមួយ គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ប្រមាណ៤០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព។
សម្តេចតេជោ បានថ្លែងថា៖ខ្ញុំកំពុងឲ្យពិនិត្យនូវលទ្ធភាពប្រើប្រាស់នូវមាត្រា២២នៃរដ្ឋធម្មនុញ្ញ ដើម្បីស្នើសុំព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ខ្ញុំមិនចង់ប្រើទេ ក៏ប៉ុន្តែបើការអំពាវនាវរបស់ខ្ញុំគ្មានប្រសិទ្ធភាព។
ការការលើកឡើងរបស់សម្ដេចដោយយោងតាមមាត្រា២២ បានបន្ថែមថា៖ ខ្ញុំក៏អាចស្នើសុំការឯកភាពពីប្រធានរដ្ឋសភាពីប្រធានព្រឹទ្ធសភា និងស្នើសុំពីព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។
គួរបញ្ជាក់ដែរថាដោយបញ្ហាការរាតត្បាតនៃជម្ងឺ Covid19 ប្រទេសមួយចំនួន ក៏បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរួចហើយដូចជា ថៃ ប្រទេសឥណ្ឌា ជាដើម។
គិតរហូតមកដល់ព្រឹកថ្ងៃទី២៥ខែមីនា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់ និងមានអ្នកជំងឺ៦នាក់ បានជាសះស្បើយ៕