រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។
ឯកឧត្តម Sergey Lavrov បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ គណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក។ ឯកឧត្តម បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីស្ថានភាព និងជំហររបស់រុស្ស៊ី ជុំវិញករណីជម្លោះអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់លើការពង្រឹងពង្រីកដែលមានស្រាប់ និងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យទេសចរណ៍ វិនិយោគ និងវិស័យដទៃទៀត តាមរយៈការជម្រុញការរៀបចំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម Sergey Lavrov ដែលបានសម្ដែងនូវការអបអរសាទរជូនចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក និងរបាយការណ៍ពីជំហររបស់រុស្ស៊ី ជុំវិញជម្លោះនៅអ៊ុយក្រែន។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណផងដែរចំពោះវ៉ាក់សាំង ដែលឯកឧត្តម Lavrov បាននាំមកជាមួយ ជូនដល់កម្ពុជា ។
សម្ដេចតេជោ ក៏បានឯកភាពជាមួយ ឯកឧត្តម Lavrov ក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេស ជំរុញកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី។ សម្ដេច មានប្រសាសន៍បន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ជាទំនាក់ទំនងប្រវត្តិសាស្រ្ត ដែលកម្ពុជាតែងតែផ្ដល់សារៈសំខាន់ខ្លាំងក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យនានាជាមួយរុស្ស៊ី ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី ដែលបានគាំទ្រ និងជំនួយជាច្រើនដ៏មានតម្លៃ ផ្ដល់ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាដ៏លំបាកនាពេលកន្លងមក។ សម្ដេចតេជោបានបន្ថែមថា យើងមិនអាចបំភ្លេចបានឡើយ នូវកាយវិការប្រកបដោយមិត្តភាព និងសមាណជិតក្នុងពេលដែលយើងត្រូវការចាំបាច់ ឧទាហរណ៍ដូចជា៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានបណ្ដុះបណ្ដាលនិស្សិតជាច្រើននាក់៕