បច្ចុប្បន្ននេះពិភពលោកទាំងមូលកំពុងតែប្រឈមមុខយ៉ាងខ្លាំងទៅនឹងគ្រោះហានិភ័យ នៃការឆ្លងរីករាលដាលជម្ងឺ COVID-19 ។ វាបានបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរបំផុតទៅលើវិស័យសេដ្ឋកិច្ច សង្គម ជាលក្ខណៈសកល ជាពិសេសនោះ គឺ គិតត្រឹមថ្ងៃទី ២៣ ខែ មីនា នេះ មានមនុស្សចំនួន ៣៣៧.៥៥៣ករណី បានឆ្លងជម្ងឺនេះ ហើយ ១៤.៦៥៤នាក់ បានស្លាប់នៅក្នុងប្រទេស និងដែនដី ១៩២ ។ ប្រជាជនជាង ១០០០លាននាក់ ត្រូវបានដាក់ឲ្យស្ថិតនៅដោយឡែក ដែលធ្វើឲ្យទំនាក់ទំនងរវាងគ្នា និងគ្នានៅក្នុងសង្គមមនុស្ស ត្រូវបានកាត់ផ្តាច់ ។ សេដ្ឋកិច្ចពិភពលោកបានឲ្យសញ្ញានៃការដាំក្បាលចុះយ៉ាងគំហុក ដោយគ្មានអ្នកណាអាចព្យាករណ៍ជាមុនបាន ។ ប្រទេសមួយចំនួនបានដាក់ចេញនូវកញ្ចប់ថវិកាជាទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីសង្គ្រោះសេដ្ឋកិច្ចបន្ទាន់ក្នុងគ្រាអាសន្ននេះ ។ វិស័យដឹកជញ្ជូនគ្រប់ប្រភេទទាំងអស់នៅក្នុងពិភពលោកស្ទើរតែជាប់គាំងលែងដំណើរការទាំងស្រុង ។ ដោយឡែកវិស័យអាកាសចរណ៍អន្តរជាតិទូទាំងពិភពលោក ប្រឈមនឹងការក្ស័យធន ។ ជាក់ស្តែងនៅអឺរ៉ុបក្នុងមួយថ្ងៃ ប្រទេសអាល្លឺម៉ង់ ដែលមានជើងហោះហើរអន្តរជាតិសរុប ១៨០០ជើង ត្រូវធ្លាក់មកនៅត្រឹម ៨០៤ជើង, ប្រទេសបារាំងធ្លាក់ចុះពី ១២០០ជើង មកនៅត្រឹម ៤៤២ជើង, ប្រទេសអ៊ីតាលីបានធ្លាក់ចុះពី ១០០០ជើង មកនៅត្រឹម ៣៨ជើងប៉ុណ្ណោះ ។ ដោយឡែកអត្រាគ្មានការងារធ្វើក្នុងពិភពលោកមានចន្លោះពី ៥,៣លាននាក់ ដល់ ២៤,៧លាននាក់ បើធៀបនឹងកម្រិតមូលដ្ឋាន ១៨៨លាននាក់ កាលពីឆ្នាំ២០១៩ ។ មានន័យថា ពេលនេះជោគវាសនារបស់ប្រជាជាតិទាំងឡាយនៅលើពិភពលោក បានស្ថិតនៅជាមួយគ្នា ហើយទាមទារឲ្យទាំងអស់គ្នា មិនថាប្រទេសណា ជាតិសាសន៍ណា កាន់សាសនាអ្វី ពណ៌សម្បុរអ្វីនោះទេ ត្រូវមានការទទួលខុសត្រូវទាំងអស់គ្នា ហើយរួមគ្នាចាត់វិធានការដោះស្រាយជាបន្ទាន់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីសេចក្តីសុខរបស់ពិភពលោកយើងទាំងមូល ។
ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើងវិញ ផលវិបាកនៃការឆ្លងរាលដាលនៃ COVID-19 ក៏បានជះឥទ្ធិពលទៅលើសេដ្ឋកិច្ច សង្គម និងបង្កជាការព្រួយបារម្ភសម្រាប់ប្រជាជនកម្ពុជាផងដែរ ។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវវិធានការជាច្រើន រួមមាន ការបង្កើតគណៈកម្មការជាតិប្រយុទ្ធជម្ងឺ COVID-19 ដើម្បីកំណត់គោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រក្នុងការបង្ការការពារទប់ស្កាត់ និងគ្រប់គ្រងជម្ងឺនេះ ដោយមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រធាន ។ ក្រសួង ស្ថាប័ននានា ក៏បានណែនាំវិធានការទាំងឡាយដល់មន្ត្រីរាជការឲ្យមានការយល់ដឹង និងចូលរួមបង្ការកាត់បន្ថយជាអតិបរមានូវការឆ្លងរាលដាលនៃជម្ងឺ COVID-19 ។ ក្រសួងសុខាភិបាលកម្ពុជា ព្រមទាំងផ្នែកពាក់ព័ន្ធទាំងឡាយក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការដាក់ចេញនូវការណែនាំ និងវិធានការទាំងឡាយ ដើម្បីឲ្យប្រជាជនទូទាំងប្រទេសមានការយល់ដឹង មានការចែករំលែក សកម្មចូលរួមថែរក្សាសុខភាព បញ្ជៀស និងទប់ស្កាត់ការរឆ្លងជម្ងឺ COVID-19 ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ អ្នកដែលបានឆ្លងវីរុសនេះ ក៏ត្រូវបានក្រុមគ្រូពេទ្យខិតខំស្វះស្វែងព្យាបាល និងលើកទឹកចិត្តធ្វើឲ្យអ្នកជម្ងឺខ្លះបានជាសះស្បើយទាំងស្រុង ឯអ្នកដែលនៅសល់ក៏នៅតែមានសុខភាពល្អ និងមិនទ្រុឌទ្រោម ហើយសង្ឃឹមថានឹងបានជាដូចធម្មតាមកវិញ ។ ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវស្វែងរកគ្រូពេទ្យស្ម័គ្រចិត្ត និងអ្នកជំនាញវិជ្ជសាស្ត្រស្ម័គ្រចិត្ត ដើម្បីជួយពង្រឹងការងារនេះផងដែរ ។ ប្រជាជនកម្ពុជាយើងទូទាំងប្រទេស បានចូលរួមចំណែកក្នុងការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលយ៉ាងសកម្ម ម៉ឺងម៉ាត់ និងប្រកបដោយការជឿទុក ចិត្តខ្ពស់បំផុតលើវិស័យសុខាភិបាលរបស់កម្ពុជា ដែលធ្វើឲ្យជម្ងឺ COVID-19 មិនអាចពង្រីកខ្លួនឆ្លងរាលដាលចេញផុតពីការគ្រប់គ្រងរបស់យើងបាននោះទេ ។
អ្វីដែលជាកត្តាសំខាន់ គឺ យើងបានកត់សម្គាល់ឃើញប្រកបដោយមោទនភាពបំផុតចំពោះការពង្រឹងធ្លុងសាមគ្គីជាតិ ឯកភាពជាតិ ការជួយគ្នាទៅវិញទៅមក ប្រកបដោយភាពម្ចាស់ការ មិនស្លន់ស្លោ មិនតក់ស្លុត ក្នុងការ ដោះស្រាយគ្រោះហានិភ័យនៃជម្ងឺ COVID-19 នេះ នៅក្នុងសង្គមជាតិយើងទាំងមូល ។ យើងបានឃើញច្បាស់ហើយថា ជនប្រតិកិរិយាមួយក្រុមតូច បានខិតខំផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំពុល និងប៉ុនប៉ងធ្វើឲ្យប្រជាជនធ្លាក់ក្នុងភាពវឹកវរ និងធ្វើឲ្យសង្គមជាតិចលាចល ប៉ុន្តែ ព័ត៌មានក្លែងក្លាយទាំងនេះ មិនអាចយកឈ្នះសតិសម្បជញ្ញៈ និងការយល់ ដឹងរបស់ប្រជាជនបានឡើយ ។ ពួកប្រតិកិរិយាទាំងនេះ ត្រូវបានសង្គមជាតិថ្កោលទោស ហើយមួយចំនួនត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ ។ ប្រជាជនយើងដែលរស់នៅក្នុងសង្គមជាតិកម្ពុជាទាំងមូល មិនថាភេទ ឬអាយុ ឬជនជាតិអ្វី កាន់សាសនាអ្វីនោះទេ សុទ្ធតែបានតម្កល់ទុកនូវផលប្រយោជន៍ជាតិជាស្នូល រក្សាទុកនូវភាពសុខដុមរមនា និងការរួមរស់ជាមួយគ្នាប្រកបដោយ សុភមង្គល ហើយរួមគ្នាទប់ស្កាត់ឲ្យខាងតែបាននូវគ្រោះហានិភ័យនៃជម្ងឺ COVID-19 ដែលកំពុងតែកើតមាននៅលើទឹក ដីយើង និងលើពិភពលោកនេះ ។
ប្រជាជនកម្ពុជាទាំងអស់គ្នា សុទ្ធតែបានឆ្លងកាត់ និងបានស្គាល់អស់ហើយនូវរសជាតិនៃការលំបាក និងឧបសគ្គសព្វបែបយ៉ាង តាំងពីសម័យនៃភ្លើងសង្គ្រាម របបប្រល័យពូជសាសន៍ ការបែក បាក់ វិនាសខ្ទេចខ្ទាំ និង គ្រោះមហន្តរាយសព្វបែបយ៉ាងជាច្រើនទៀត ។ ប៉ុន្តែគ្មានការលំបាកណា គ្មានឧបសគ្គណាដែលថាប្រជាជនយើងជម្នះដោះស្រាយមិនបាននោះទេ ។ ជាបទពិសោធន៍ មូលហេតុដែលប្រជាជនយើងអាចយកជ័យជម្នះបានលើការលំបាកទាំងនោះ គឺអាស្រ័យដោយយើងពង្រឹងបាននូវធ្លុងសាមគ្គីភាព ឯកភាពជាតិយ៉ាងរឹងមាំ យើងចេះរំលែក និងទទួលយកការលំបាកជាមួយគ្នា យកមកដោះស្រាយរួមគ្នានូវបញ្ហាលំបាកទាំងនោះ ដើម្បីសេចក្តីសុខ និងផលប្រយោជន៍រួមរបស់ជាតិ ។ យើងទាំងអស់គ្នាដាក់ក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ រួមជាមួយនឹងបទពិសោធន៍ដែលយើងមាន នៅគ្រាកន្លងមក ប្រជាជនយើងនឹងទប់ស្កាត់បានទាំងស្រុងនូវរាល់ផលប៉ះពាល់ទាំងឡាយ និងបញ្ជៀសបាននូវគ្រោះហានិភ័យឲ្យចេញឆ្ងាយផុតពីមាតុភូមិជាទីស្រឡាញ់នៃយើងក្នុងពេលដ៏ខ្លីខាងមុខនេះជាមិនខាន ៕
ដោយ៖ លី ទួង