អន្តរជាតិ៖ ក្រុមហ៊ុន Swire Pacific ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង កំពុងផ្ដល់តម្លៃ ១ពាន់លានដុល្លារសម្រាប់ទិញលើ ប្រតិបត្តិការដបរបស់កូកា-កូឡា នៅក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា ដែលជាការផ្លាស់ប្តូរមួយដើម្បីពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។
ក្រុមហ៊ុន Swire Pacific នឹងបង់ប្រាក់ឱ្យក្រុមហ៊ុន Coca-Cola Indochina ដែលផលិត និងលក់ផលិតផល Coca-Cola នៅក្នុងប្រទេសទាំងពីរ ជាសាច់ប្រាក់ចំនួន $1.015 ពាន់លានដុល្លារ នេះបើយោងតាម South China Morning Post។
ក្រុមហ៊ុនបាននិយាយថា ប្រតិបត្តិការនេះ "នឹងពង្រីកអាជីវកម្មភេសជ្ជៈរបស់ក្រុមហ៊ុន ចូលទៅក្នុងទីផ្សារភេសជ្ជៈដែលរីកលូតលាស់យ៉ាងឆាប់រហ័សបំផុតមួយ" ។ ដំណើរការនេះត្រូវបានរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេលប្រាំមួយខែខាងមុខ ។
ក្រុមហ៊ុន Swire ដែលជាក្រុមហ៊ុនអង់គ្លេសដែលមានមូលដ្ឋាននៅទីក្រុងហុងកុង និងទីក្រុងឡុងដ៍ ត្រូវបានបង្កើតក្នុងឆ្នាំ 1816។ វាបាននិងកំពុងផ្លាស់ប្តូរទិសដៅការវិនិយោគទៅក្នុងប្រតិបត្តិការសំខាន់ៗនៃភេសជ្ជៈ និងអចលនទ្រព្យ ក៏ដូចជាវិស័យដែលកំពុងរីកចម្រើនដូចជាការថែទាំសុខភាព។
កាលពីឆ្នាំ2016 ក្រុមហ៊ុននេះ បានទិញអាជីវកម្មដប Coca-Cola នៅភាគខាងត្បូងប្រទេសចិនផងដែរ។ ក្រុមហ៊ុននេះ ជាម្ចាស់ភាគហ៊ុនសំខាន់ របស់ក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីមួយរបស់អាស៊ី៕