រាជធានីភ្នំពេញ៖ ពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សរុបបានចំនួនជិត ៨ ០០០ ប៊ីលានរៀល ត្រូវប្រមាណជា ១៩៧០,៥១ លានដុល្លារអាមេរិក គឺស្មើនឹង ៦៩,៨៩ ភាគរយ នៃផែនការប្រចាំឆ្នាំ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលខែមិថុនា និងប្រចាំឆមាសទី ១ ឆ្នាំ ២០២២ ដែលបានធ្វើនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ។
គិតក្នុងឆមាសទី១ ឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបាន៧ ៩៨០,៥៧ ប៊ីលានរៀល ត្រូវប្រមាណជាង ១៩៧០,៥១ លានដុល្លារអាមេរិក ស្មើ ៦៩,៨៩ ភាគរយ នៃផែនការប្រចាំឆ្នាំ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ចំណូលនេះកើនឡើងប្រមាណជាង ១ ៨៣៣ ប៊ីលានរៀល ត្រូវប្រមាណជាង ៤៥២ លានដុល្លារអាមេរិក ស្មើ ២៩,៨៧ ភាគរយ។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា ការប្រមូលចំណូលពន្ធសម្រាប់ខែមិថុនា ឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានប្រមាណជាង ៩៨៦ ប៊ីលានរៀល ត្រូវប្រមាណជិត ២៤៣ លានដុល្លារអាមេរិក ស្មើប្រមាណ ១០៣ ភាគរយ នៃផែនការប្រចាំខែ និងស្មើ ៨,៦៤ ភាគរយនៃផែនការប្រចាំឆ្នាំ ២០២២៕