៧ចំណុចជាមេរៀនអភិវឌ្ឍជីវិតពីលោក បេនយ៉ាមីន ហ្រ្វែងឃ្លីន

ប្រិយមិត្តខ្លះប្រាកដជាធ្លាប់ស្គាល់រួចមកហើយ ពីបុរសដែលមានរូបនៅលើក្រដាសប្រាក់១០០ដុល្លារ។ លោកគឺ ប៉េនយ៉ាមីន ហ្រ្វែងឃ្លីន (Benjamin Franklin) ដែលជាអ្នកនយោបាយ និងជាអ្នកវិទ្យាសាស្រ្តរូបវិទ្យាដ៏ល្បីល្បាញមួយរូបរបស់សហរដ្ឋអាមេរិក។ លោកត្រូវបានគេចាត់ទុកថាជាបុគ្គលដ៏មានឥទ្ធិពលមួយរូប ដែលមនុស្សជាច្រើនអាចរៀនសូត្រពីសកម្មភាពរស់នៅរបស់លោក។ ចំណុចមួយចំនួនជាមេរៀន ជាបទពិសោធសម្រាប់អភិវឌ្ឍជីវិតរបស់លោកត្រូវបានចែករំលែកដែលមានដូចជា៖

. កុំខ្ជះខ្ជាយពេលវេលា

កុំទុកពេលវេលារបស់អ្នកឱ្យខ្ជះខ្ជាយ និងកន្លងហួសទៅដោយអត់ប្រយោជន៍ព្រោះថាពេលវេលារបស់អ្នក គឺវាប្រៀបបានទៅនឹងជីវិតរបស់អ្នក។ ប្រសិនបើអ្នកខ្ជះខ្ជាយពេលវេលារបស់អ្នក អ្នកក៏ដូចជាកំពុងតែខ្ជះខ្ជាយជីវិតរបស់អ្នកដែរ។ ខ្ញុំមិនដែលបានជួបមនុស្សជោគជ័យណាម្នាក់ ដែលមិនឱ្យតម្លៃទៅលើពេលវេលារបស់ពួកគេនោះទេ ហើយខ្ញុំក៏មិនដែលជួបមនុស្សជោគជ័យណា ដែលគ្មានការខិតខំប្រឹងប្រែងដែរ។

. ក្រេបយកចំណេះ

ត្រៀមខ្លួនគ្រប់ពេលជានិច្ចក្នុងការទទួលយកចំណេះដឹង ជាការពិតមិនថាស្ថិតក្នុងស្ថានភាពណាក៏ដោយ ឬកាលៈទេសៈណាក៏អ្នកអាចសិក្សារៀនសូត្របានដែរ។ មិនចាំបាច់តែនៅក្នុងសាលា ឬរៀនពីគ្រូ​ អ្នកគ្រូឡើយសូម្បីតែមនុស្សដែលមានចំណេះដឹងទាបជាងអ្នក ក៏អ្នកអាចរៀនសូត្រពីពួកគេបានដែរ ព្រោះថាពេលខ្លះពួកគេមានបទពិសោធក្នុងជីវិតណាមួយដែលអ្នកមិនធ្លាប់បានជួប ហើយវាអាចជាចំណេះដឹងដ៏ល្អមួយសម្រាប់អ្នក។

.កុំខ្លាចធ្វើខុស

គ្មានបុគ្គលជោគជ័យណាម្នាក់ដែលមិនដែលធ្វើខុសនោះទេ គ្រាន់តែពួកគេមិនព្រមចុះចាញ់ និងព្យាយាមតស៊ូដល់សម្រេចគោលដៅដែលពួកគេចង់បានប៉ុណ្ណោះ។ ជោគជ័យកើតមានឡើងដោយសារតែកំហុសដែលយើងធ្លាប់បានសាង ហើយកែប្រែកំហុសនោះទៅជាឱកាសមួយ ដើម្បីធ្វើឱ្យវាមកល្អប្រសើរឡើងវិញ។ 

. ថាមពល និងការតស៊ូ

ដូចដែលគេតែងនិយាយថា ថាមពល និងភាពខ្ជាប់ខ្ជួនយកឈ្នះលើអ្វីៗទាំងអស់។ ដើម្បីឱ្យមានថាមពល និងការតស៊ូ អ្នកត្រូវតែមានគោលដៅច្បាស់លាស់ ត្រូវតែមានចក្ខុវិស័យដែលជាកត្តាជម្រុញអ្នកឱ្យសម្រេចគោលដៅ។ ព្រោះថាបើអ្នកគ្មានគោលដៅច្បាស់លាស់ មិនដឹងថាខ្លួនឯងចង់បានអ្វីឱ្យពិតប្រាកដនោះអ្នកនឹងគ្មានភាពតស៊ូហើយធ្វើរហូតដល់សម្រេចជោគជ័យនោះទេ។

. ត្រៀមខ្លួនជានិច្ច

ត្រូវត្រៀមខ្លួនបរាជ័យកុំរំពឹងខ្ពស់ពេកតែក៏មិនត្រូវអស់សង្ឃឹម។ ព្រោះថាបើអ្នកពិតជាបរាជ័យ យ៉ាងហោចណាស់អ្នកក៏បានត្រៀមចិត្តទុកជាមុនចំពោះលទ្ធផល ប៉ុន្តែបើអ្នកជោគជ័យអ្នកក៏បានត្រៀមទុករួចជាស្រេចដូចគ្នាក្នុងការទទួលយកលទ្ធផលរបស់អ្នក។

. ត្រូវមានភាពឧស្សាហ៍ព្យាយាម

ភាពឧស្សាហ៍ព្យាយាម នឹងនាំមកនូវសំណាងល្អដល់អ្នកដូចពាក្យចាស់ពោលថា សំណាងបានមកពីការសាង។ បើសិនជាចង់មានសំណាង ត្រូវធ្វើខ្លួនជាមនុស្សឧស្សាហ៍ព្យាយាម ព្រោះថានៅថ្ងៃណាមួយអ្នកនឹងភ្ញាក់ផ្អើលដោយសារសំណាងដែលបានមកពីការខិតខំប្រឹងប្រែង និងឧស្សាហ៍ព្យាយាមរបស់អ្នកជាក់ជាមិនខាន។

. ធ្វើឱ្យខ្លួនឯងមានកេរ្ត៍ឈ្មោះល្អ

មនុស្សជាច្រើនបានបោះបង់ក្តីស្រមៃរបស់ខ្លួន ហើយរស់នៅដោយគ្មានគោលដៅ។ ហើយកាលដែលរស់នៅដោយគ្មានគោលដៅ វាមិនខុសពីមនុស្សស្លាប់នោះទេ។ សាកសួរខ្លួនឯងមើល ថាតើអ្នកចង់ធ្វើជាមនុស្សដែលមានកេរ្ត៍ឈ្មោះល្អឱ្យគេចងចាំ ឬក៏ចង់ធ្វើជាមនុស្សដែលគ្រាន់តែស្លាប់ភ្លាមគ្មានអ្នកចាំសូម្បីតែឈ្មោះ? បុគ្គលខ្លះបើទោះជាស្លាប់ទៅអស់រយៈពេលយូរទៅហើយ ប៉ុន្តែនៅតែមានមនុស្សចងចាំនូវស្នាដៃដែលពួកគេបានបន្សល់ទុក៕

ប្រភព៖ Power Help, The Autography of Benjamin Franklin