ឯកឧត្តម សេរី ជំនះ អញ្ជើញបិទកម្មវិធីបណ្ដុះបណ្ដាលការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២២

ខេត្តសៀមរាប៖ ឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី បិទកម្មវិធីបណ្ដុះបណ្ដាលការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ) នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ខេត្តសៀមរាប ដែលមានយុវជនស្ម័គ្រចិត្តបង្គោល និងយុវជនស្ម័គ្រចិត្តមកពីរាជធានី ខេត្ត ទាំង២៥ សរុបចំនួន ៥២១នាក់។

វគ្គបណ្ដុះបណ្ដាល ស.ស.ខ ឆ្នាំ២០២២ បានប្រព្រឹត្តិទៅអស់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងដូចខាងក្រោម៖

  • ផ្តល់សញ្ញាណទូទៅ និងបរិបទទាក់ទងនឹងការងារស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ) ដល់យុវជន
  • ផ្តល់ជាចំណេះដឹងជាក់លាក់ក្នុងការរៀបចំ និងអនុវត្តគម្រោងដែលពួកគេនឹងជ្រើសរើស
  • ផ្តល់ជំនាញទន់សំខាន់ៗ មួយចំនួន ដើម្បីជាទុនដល់យុវជនសម្រាប់បំណិនជីវិតប្រចាំថ្ងៃ និងការបំពេញការងាររបស់ពួកគេ។
  • ផ្តល់ឱកាសដល់យុវជនស្ម័គ្រចិត្ត ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកផង និងបង្កើនការរីករាយជាវិជ្ជមាន
  • ផ្តល់ឱកាសដល់មន្ត្រីសម្របសម្រួលកម្មវិធី ឱ្យបានយល់កាន់តែច្បាស់ពីយុវជនស្ម័គ្រចិត្ត ដើម្បីអាចត្រៀមខ្លួនឱ្យកាន់តែប្រសើរសម្រាប់ការអនុវត្តជាក់ស្តែង និង
  • ការដាក់ឱ្យប្រើប្រាស់នូវគេហទំព័រជាផ្លូវការនៃកម្មវិធី ស.ស.ខ។

បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ យុវជនស្ម័គ្រចិត្តមកពីរាជធានី ខេត្ត ទាំង២៥ ត្រូវរៀបចំសរសេរគម្រោង និងត្រូវចុះអនុវត្តគម្រោងរបស់ខ្លួននៅតាមសហគមន៍នានានៅទូទៅប្រទេស។ លទ្ធផលនៃការចុះអនុវត្តគម្រោងទាំងអស់ ត្រូវឆ្លងកាត់ការវាយតម្លៃពីគណកម្មការតាមដំណាក់កាលនីមួយៗយ៉ាងម៉ត់ចត់បំផុត មុននឹងឈានទៅដល់ការជ្រើសរើសយកក្រុមឆ្នើមប្រចាំខេត្តនីមួយៗ សម្រាប់ចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រដែលគ្រោងនឹងរៀបចំឡើងនៅខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។

សូមជម្រាបជូនថា កម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ (ស.ស.ខ) ជាកម្មវិធីដែលបានរៀបចំឡើងដោយនាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងបីសំខាន់ៗគឺ៖ ១. ដើម្បីយុវជន ២. ដើម្បីសហគមន៍ និង៣. ដើម្បី ស្ថាប័ន។

ដើម្បីយុវជន គឺមានគោលបំណង ក្នុង ការពង្រឹងសមត្ថភាពបំណិនទន់ បំណិនបច្ចេកទេស និងបច្ចេកវិទ្យាដល់យុវជនស្ម័គ្រចិត្តទាំងយុវជនក្នុងសាលា និងយុវជនក្រៅសាលាតាមរយៈការរៀនតាក់តែង និងអនុវត្តគម្រោងសម្រាប់ជួយដល់ការអភិវឌ្ឈសហគមន៍។

ដើម្បីសហគមន៍ គឺមានគោលបំណងក្នុងការចូលរួមដល់ការអភិវឌ្ឍក្នុងសហគមន៍ ការលើកកម្ពស់ការ យល់ដឹង ការគាំទ្រពីសហគមន៍ ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីផល ប្រយោជន៍នៃការងារស្ម័គ្រចិត្តរបស់យុវជន។

ដើម្បីស្ថាប័ន គឺមានគោលបំណងពង្រឹងសមត្ថភាពរបស់ នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល និងមន្ទីរអប់រំ យុវជន និងកីឡា ដើម្បីបង្កើនប្រព័ន្ធការងារមួយដែលមាន លក្ខណៈស្តង់ដា និងទំនើបនិយម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណងផ្ដល់ការគាំទ្រ និងសម្របសម្រួលដល់ការងារស្ម័គ្រចិត្តក្នុងចំណោមយុវជនឱ្យកាន់តែមានប្រសិទ្ធភាព៕