សារធាតុញៀន សារធាតុផ្សំគ្រឿងញៀន ចំនួនជាង៩០តោន នឹងត្រូវដុតនិងបន្សាបចោលក្នុងឆ្នាំនេះ

រាជធានីភ្នំពេញ៖ នៅឆ្នាំនេះ សាលារាជធានីភ្នំពេញ បានសម្រេចឱ្យបំផ្លាញចោល​នូវសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមី ចំនួនជាង ៩០តោន៨០គីឡូក្រាម។ ក្នុងនោះសារធាតុញៀនមាន ចំនួនជាង៩តោន ៩០០គីឡូក្រាម។ នេះបើយោងតាមរបាយការណ៍របស់ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

សារធាតុញៀនដែលត្រូវបានរឹបអូស​ និងត្រូវកម្ទេចចោល មានដូចជាប្រភេទ ហេរ៉ូអ៊ីន កូកាអ៊ីន ថ្នាំគ្រវី កាទីណូន​ មេតំហ្វេតាមីន កេតាមីន​ នីមេតាហ្សេប៉ាម និង កញ្ឆា។

របាយការណ៍ដដែលបានបញ្ជាក់ថា សារធាតុញៀននិងសារធាតុគីមី ដែលត្រូវកម្ទេចដោយវិធីដុត មានចំនួនជាង ៦តោន៨០០គីឡូក្រាម។ សារធាតុញៀន ​សារធាតុគីមីផ្សំ​ និងសារធាតុគីមី ដែលត្រូវ​កម្ទេច ដោយវិធីបន្សាបមានចំនួនជាង៨៣តោន ៨០០គីឡូក្រាម៕