សម្ដេចតេជោ បំពាក់មេដាយសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ ដល់ឯកអគ្គរដ្ឋទូតតួគីដែលផុតអាណត្តិ

រាជធានីភ្នំពេញ៖  សម្ដេចតេជោ ហ៊ុន សែន បានបំពាក់មេដាយសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ ដល់លោកជំទាវ អាយដា អ៊ុនលូ (Ayda Unlu) ឯកអគ្គរដ្ឋទូតតួគី ប្រចាំនៅកម្ពុជា ដែលត្រូវចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ អាយដា បានគោរពជម្រាបជូនសម្ដេចតេជោថា រយៈពេលជាង ៤ឆ្នាំនៃបេសកកម្មនៅកម្ពុជា ទោះបីជំងឺកូវីដ-១៩ បានរាតត្បាតពិភពលោកជាង២ឆ្នាំកន្លងមកក៏ដោយ ក៏លោកជំទាវបានធ្វើការមួយចំនួនក្នុងការពង្រីកពង្រឹងទំនាក់ទំនងទាំងពាណិជ្ជកម្ម និងទាំងនយោបាយរវាងប្រទេសទាំងពីរ ក្នុងនោះមានការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសទួរគី និងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជា ទៅកាន់ប្រទេសទួរគីជាបន្តបន្ទាប់ទៀត។

លោកជំទាវបានបន្ថែមថា លោកជំទាវពិតជាមានកិត្តិយសជាទីបំផុត ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា ដើម្បីបានបម្រើទាំងទួរគី នឹងកម្ពុជា ហើយការចាកចេញពីប្រទេសកម្ពុជា លោកជំទាវ មានអារម្មណ៍ថា ដូចជាការចាកចេញពីផ្ទះដែលកំពុងតែរស់នៅ។ 

ទោះបីជាយ៉ាងណាក៏ដោយលោកជំទាវ អាយដា បានគោរពជម្រាបជូនសម្ដេចតេជោថា លោកជំទាវ នឹងបន្តធ្វើការធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត មិនថាលោកជំទាវនៅទីណាទេ។

ក្នុងអាណត្តិរបស់លោកជំទាវ បានចូលរួមចំណែកយ៉ាងសកម្មតាមរយៈបេសកកម្មសកម្មការទូតរបស់លោកជំទាវ ដែលបានពង្រឹង ពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងតួកគី បានពិសេសការរៀបចំឱ្យមានដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្ដេចទៅកាន់ប្រទេសទួរគី និងរៀបចំមូលដ្ឋានជាច្រើន សម្រាប់ពង្រីក ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច។ នេះជាការលើកឡើងរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី៕