រាជធានីភ្នំពេញ៖ ក្រុមហ៊ុន វ៉លម៉ាត (Walmart) របស់សហរដ្ឋអាមេរិក បានប្រកាសពីការពង្រីកការបញ្ជាទិញផលិតផលពីប្រទេសកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ការងារ និងជីវភាពប្រជាជនកម្ពុជា។
ក្នុងជំនួបជាមួយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកស្រី អានប៊ីញ ផាន នាយកផ្នែកកិច្ចការ រដ្ឋាភិបាលជាសកលនៃក្រុមហ៊ុន Walmart បានលើកឡើង នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ពីគោលបំណងដែល Walmart គ្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ ឱកាសការងារ និងជីវភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងអាចជួយដល់ការអភិវឌ្ឍវិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ របស់កម្ពុជាថែមទៀត។
វ៉លម៉ាត (Walmart) ជាក្រុមហ៊ុនលក់រាយធំជាងគេបំផុតលើពិភពលោក ដែល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦២។ ក្រុមហ៊ុនគ្រោងនាំចេញពីប្រទេសកម្ពុជានូវ ផ្លែឈើ ផលិតផលចំណីអាហារ គ្រឿងអេឡិចត្រូនិក និងសង្ហារិម គឺពេលដែល ផលិតផលទាំងនេះត្រូវតាមស្តង់ដារអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុខភាពនិងសុវត្ថិភាពការងារ និងការអនុវត្តន៍ក្របខណ្ឌច្បាប់គោលនយោបាយជាច្រើនទៀត ដើម្បីគាំពារដល់កម្មករនិយោជិត។
លោកស្រី អានប៊ីញ ផាន បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់លើលក្ខខណ្ឌការងារ បានប្រសើរ ជាពិសេសគ្រប់គ្រង និងទប់ស្កាត់បានយ៉ាងល្អ ចំពោះការឆ្លងរាលដាលនៃកូវីដ-១៩ ដើម្បីធានាបាននូវនិរន្តរភាពចង្វាក់ផលិតកម្ម និងការនាំចេញផលិតផលកម្ពុជាទៅ ក្រៅប្រទេស៕