បច្ចេកវិទ្យា៖ កាលពីសប្តាហ៍មុន សហភាពអឺរ៉ុបបានយល់ព្រម លើច្បាប់ដែលនឹងចូលជាធរមាននៅរដូវស្លឹកឈើជ្រុះឆ្នាំ 2024 ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រើតែខ្សែ USB Type-C ដើម្បីបញ្ចូលថាមពលអេឡិចត្រូនិចចល័តខ្នាតតូច និងមធ្យម។
ពួកគេបាននិយាយថា ច្បាប់ USB-Cស្ដង់ដាររួម ក៏នឹងលាតសន្ធឹងដល់ កាមេរ៉ា កាសស្តាប់ត្រចៀក ឧបករណ៍បំពងសម្លេងចល័ត និងឧបករណ៍អានអេឡិចត្រូនិក ( E-Reader ) ផងដែរ។
អ្នកតាក់តែងច្បាប់បានលើកហេតុផលថា លុយដែលអ្នកប្រើប្រាស់ចំណាយលើឆ្នាំងសាក សម្រាប់ផលិតផលផ្សេងៗគ្នា និងកាកសំណល់ដែលបង្កើតឡើងនៅពេលដែលឆ្នាំងសាកលែងប្រើ ត្រូវបានបោះចោល ជាហេតុផលសម្រាប់ការជំរុញឱ្យទាមទារស្តង់ដារសកល។ ពួកគេបានបន្តលើកឡើងថា នេះជាការបង្កើតបន្ទុកហិរញ្ញវត្ថុសម្រាប់អ្នកប្រើប្រាស់ និងបង្កើតកាកសំណល់អេឡិចត្រូនិចកាន់តែច្រើន។
រដ្ឋជាសមាជិកសហភាពអឺរ៉ុប ជឿថាខ្សែស្តង់ដាររួមសម្រាប់ឧបករណ៍ទាំងអស់ នឹងកាត់បន្ថយកាកសំណល់អេឡិចត្រូនិច ប៉ុន្តែក្រុមហ៊ុន Apple ប្រកែកថា ឆ្នាំងសាកដែលមានទំហំតែមួយ នឹងបន្ថយការច្នៃប្រឌិត។
ឧបករណ៍ជាច្រើនទៀតបានប្តូរទៅ USB-C ដើម្បីបញ្ចូលថ្ម ប៉ុន្តែបច្ចុប្បន្ន ឧបករណ៍ចល័តដ៏ពេញនិយមបំផុតមួយគឺ iPhone នៅតែប្រើឧបករណ៍ភ្ជាប់ Lightning ផ្តាច់មុខរបស់ Apple ដើម្បីបញ្ចូលថ្ម។
ការសម្រេចចិត្តនេះនឹងត្រូវបានផ្តល់សច្ចាប័នជាផ្លូវការដោយសភាអឺរ៉ុប និងក្នុងចំណោមរដ្ឋជាសមាជិកសហភាពអឺរ៉ុបនៅចុងឆ្នាំនេះ មុនពេលចូលជាធរមាន៕