សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យធ្វើ​មាតុភូមិ​និវត្ត​អដ្ឋិធាតុ​​អតីត​យុទ្ធជន​កម្ពុជា​៤៩រូប ដែលបានពលីនៅប្រទេសវៀតណាម

ខេត្តត្បូងឃ្មុំ៖ សម្តេចតេជោ ហ៊ុន សែន ស្នើដល់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ធ្វើការពិចារណា និងរៀបចំ​ធ្វើ​មាតុភូមិ​និវត្ត​នូវ​អដ្ឋិធាតុ​របស់​អតីត​យុទ្ធជន​កម្ពុជា​ចំនួន ៤៩រូប ដែល​បានពលីជីវិតនៅប្រទេសវៀតណាម ហើយអដ្ឋិធាតុទាំងនោះ គប្បី​តម្កល់​ទុក​នៅកន្លែងតំបន់កោះថ្ម«X16» ផងដែរ។

ក្នុងឱកាសប្រារព្ធខួប៤៥ឆ្នាំ នៃ​ដំណើរ​តស៊ូ​រំដោះជាតិ នៅតំបន់កោះថ្ម X16 ​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីត​យោធា​កម្ពុជា​ជា​ច្រើន​នាក់ បានពលីជីវិតនៅប្រទេសវៀតណាម [៤៩នាក់] ហើយ​អដ្ឋិធាតុ​របស់​ពួកគេ​បាន​តម្កល់​ទុក​នៅ​លើទឹកដី ខេត្តដុងណាយប្រទេសវៀតណាម រាប់សិបឆ្នាំមកហើយ។

ប្រសាសន៍សម្ដេចតេជោ៖ ដើម្បីតបស្នងសងគុណចំពោះបង ប្អូន​ពលី​ទាំង​នោះ​គប្បី​ធ្វើមាតុភូមិនិវត្តមកកម្ពុជាវិញនូវអដ្ឋិធាតុ​របស់ពួកគេ ដោយតម្កល់ឲ្យបានត្រឹមត្រូវ នៅ​ក្នុង​តំបន់​«X16» នេះតែម្តង

សូមបញ្ជាក់ថា អតីតយុទ្ធជនពលីកម្ពុជា នៅ​អតីត​អង្គភាព​១២៥​(កម្ពុជា) ​បាន​ពលីជីវិត​ក្នុង​បុព្វហេតុ​រំដោះជាតិ និង​អាយុ​ជីវិត​ប្រជាជន​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត មានទីតាំងស្ថិតនៅឃុំឡុងយ៉ាវស្រុកគីមមី ខេត្តដុងណាយ ប្រទេស​វៀតណាម៕