មកមើលគន្លឹះខ្លះ ដែលជួយបង្កើនប្រសិទ្ធិភាពTeamworkមួយ នៅគ្រប់កន្លែងការងារ


អ្នកដឹកនាំរមែងចង់បានក្រុមការងារមួយដែលមានប្រសិទ្ធិភាពក្នុងការបំពេញទិសដៅការងារ។ ទន្ទឹមនឹងនេះ ក៏មានគន្លឹះមួយចំនួនជាបទពិសោធត្រូវបានលើកឡើងសម្រាប់ការពិចារណា ដើម្បីអនុវត្តទៅលើក្រុមការងារមួយជាស្មារតី Teamwork និងជាប្រសិទ្ធិភាព ដែលអាចអនុវត្តការងាររបស់ខ្លួនសម្រេចបានលទ្ធផលផ្លែផ្កាដែលមានដូចជា៖

. កំណត់គោលដៅច្បាស់លាស់

ដើម្បីឱ្យក្រុមការងារមួយមានប្រសិទ្ធិភាពប្រាកដណាស់ គឺត្រូវមាន គោលដៅដែលបានកំណត់ច្បាស់លាស់ និងត្រូវបានចែករំលែកដល់សមាជិកគ្រប់ៗគ្នាបានយល់។ការដាក់គោលដៅច្បាស់លាស់ នឹងផ្តល់ប្រសិទ្ធិភាពទៅដល់ការងារដែលសមាជិកក្នុងផ្នែកនីមួយៗក្នុងក្រុមដែលនឹងត្រូវបំពេញ។គោលដៅកាន់តែច្បាស់ លទ្ធផលការងារនឹងមានប្រសិទ្ធិភាពទៅតាមនោះ។

. បង្កើតតម្លាភាព

តម្លាភាពនៅក្នុងចំណុចនេះ មានន័យថា អ្នកបង្កើតឱ្យក្រុមអ្នកមានសកម្មភាពជាទម្លាប់ចែករំលែកព័ត៌មានឬធនធាន ដែលសមាជិកនៅផ្នែកណាមួយត្រូវការ និងបរិយាកាសជួយគ្នាទៅតាមលទ្ធភាព គ្រប់ពេលនៃផ្នែកណាមួយក្នុងក្រុមត្រូវការជំនួយ។តម្លាភាពក្នុងចំណុចនេះ ក៏មានន័យសម្តៅទៅលើ ការពន្យល់ពីហេតុផល នៃការត្រូវធ្វើការបំពេញគោលដៅក្រុមនោះផងដែរ។បន្ថែមពីនេះ ការបើកចិត្តទូលាយ ភាពស្មោះត្រង់ និងការចូលរួមសាមគ្គីពីសមាជិកគ្រប់រូប គឺជាតម្លាភាពនៅក្នុងក្រុមTeamworkនោះ។

. តាមដានដំណើរការការងារក្រុមក្នុងទម្រង់មើលឃើញ

តាមលទ្ធផលការសិក្សាជាច្រើនបង្ហាញថា មនុស្សទទួលបានព័ត៌មានតាមរយៈការមើលឃើញលឿនជាងការទទួលតាមរយៈការស្តាប់ (ឧទាហរណ៍៖ គេបង្កើតភ្លើងចរាចរណ៍ជាការឱ្យដំណឹងដល់អ្នកបើកបរ)។ ដូច្នេះ ការរៀបចំការរំលឹកនូវសកម្មភាពការងារជាទម្រង់មួយដែលសមាជិកក្នុងក្រុមអាចមើលឃើញគឺជាអត្ថប្រយោជន៍មួយ ដែលរំលឹកដល់សមាជិក Teamwork មិនធ្វេសប្រហែសក្នុងការសម្រេចទៅដល់គោលដៅ និងប្រសិទ្ធិភាពការងាររបស់ខ្លួន។

. ផ្តល់លទ្ធភាពដល់សមាជិកក្នុងការសម្រេច

ការផ្តល់សិទ្ធិឱ្យក្រុមការងារធ្វើការសម្រេចចិត្តក៏ជាផ្នែកមួយចូលរួមដល់ប្រសិទ្ធិភាពការងារ ដែលហេតុផលនោះគឺ វាបានបង្កើនទំនុកចិត្តដល់សមាជិកក្នុងក្រុមក៏ដូចជាលើកទឹកចិត្តដល់ពួកគេផងដែរ។ ដូចនេះ ហេតុអ្វីមិនសាកល្បង អនុញ្ញាតឱ្យក្រុមការងារអ្នកនូវសិទ្ធិសម្រេចមួយចំនួនដើម្បីធ្វើឱ្យការងារបានរលូន និងប្រសិទ្ធិភាព។ 

. បង្កើនប្រសិទ្ធិភាពក្នុងការប្រជុំក្រុម

ប្រសិទ្ធិភាពក្នុងការប្រជុំក្រុមនេះគឺសម្តៅទៅលើ ការចេះជម្រុញឱ្យគ្រប់សមាជិកក្នុងក្រុមបើកចិត្ត លើកឡើងពីគំនិតរបស់ពួកគេដោយស្មោះត្រង់ នៅក្នុងកិច្ចប្រជុំ។ ដូច្នេះ រាល់កិច្ចប្រជុំដែលមានការចែករំលែកគំនិតនិងមតិយោបល់បានដោយបើកទូលាយ ស្មោះត្រង់ និងច្បាស់លាស់ នឹងអាចជួយកែលម្អនូវចំណុចខ្វះខាតក្នុងក្រុម ក៏ដូចជាបង្កើនទៅដល់ប្រសិទ្ធិភាពលទ្ធផលក្រុមការងារនោះ។

.បង្កើតស្មារតីការងារក្នុងក្រុម

ដើម្បីបង្កើតឱ្យ Teamworkរបស់អ្នកសហការគ្នា និងមានស្មារតីប្តេជ្ញាទៅលើកិច្ចការរួមអ្នកគួរមានការចំណាយពេលវេលាមួយចំនួន ដើម្បីបង្កើតទំនាក់ទំនង។ ទំនាក់ទំនងនេះដែលធ្វើឱ្យពួកគេយល់ច្បាស់ពីទំនួលខុសត្រូវរបស់សមាជិកក្នុងផ្នែកនីមួយៗ ក៏ដូចជាទំហំការងាររបស់ពួកគេ។ដូច្នេះ នៅក្នុងន័យការងារ Teamwork នៅពេលដែលសមាជិកបានស្វែងយល់ពីគ្នាបាននោះពួកគេនឹងចេះជួយគ្នាទៅវិញទៅមកក្នុងក្រុម នៅពេលដែលត្រូវការជំនួយ ហើយនេះដែលបង្កើតបានជាស្មារតីសម្រាប់ការងាររួមរបស់ក្រុម។

. ជម្រុញឱ្យក្រុមទទួលយកភាពច្នៃប្រឌិតថ្មី

ក្នុងការដោះស្រាយបញ្ហាតែងមានរបៀបជាច្រើនផ្សេងៗគ្នាទៅតាមបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ។ ដូចនេះ ករណីខ្លះវាជាការសំខាន់ ដែលអ្នកគួរបង្កើតបរិយាកាសក្នុងក្រុម ដែលអនុញ្ញាតឱ្យសមាជិកក្នុងក្រុមអាចបង្ហាញពីរបៀបផ្ទាល់ខ្លួនពួកគេក្នុងការចូលរួមដោះស្រាយបញ្ហាណាមួយ។ក្នុងការបើកចិត្តស្តាប់នូវគំនិតថ្មីៗ ភាពច្នៃប្រឌិតប្លែកៗពីមនុស្សផ្សេងៗគ្នាហើយជ្រើសយកគំនិតណាមួយដែលប្រសើរជាងគេមកអនុវត្តជាសកម្មភាពការងារនោះ លទ្ធផលការងារ Teamworkរបស់អ្នកក៏មានប្រសិទិ្ធភាពទៅតាមនោះផងដែរ៕

ប្រភព៖ Fellow