បន្ទាយមានជ័យ៖ កាលពីថ្ងៃទី ៣មីនាឆ្នាំ ២០២០ ក្រសួងធនធានទឹកនិងឧតុនិយម ប្រកាសពីស្ថានភាពអាកាសធាតុដោយឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពី បញ្ហា ខ្យល់កន្រ្តាក់ នៅតាមបណ្ដាខេត្តមួយចំនួនមានខេត្ត បន្ទាយមានជ័យ ឧត្តរមានជ័យ ជាដើម។
ប្រកាសបានតែ១ថ្ងៃ ខ្យល់កន្រ្តាក់ក៏កើតឡើងនៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លាយឡំនិងភ្លៀងធ្លាក់ផងនោះ នៅភូមិសុខសាន្ត និងភូមិរស្មីសន្តិភាព បានបណ្ដាលឲ្យមានការខូចខាត ទ្រព្យសម្បតិ្តប្រជាពលរដ្ឋមួយចំនួនផងដែរ នាយប់ទី៤ខែមីនានេះ។ បើតាមសេចក្ដីរាយការណ៍ ទំហំនៃការខូចខាតមាន របើកដំបូលផ្ទះចំនួន ៦ខ្នង របើកដំបូលបន្ទប់ទឹក ដំបូលសាលារៀន ស្លាកបក្សប្រជាជន និងដំបូលជង្រុក១ខ្នងផងដែរ។
ទោះជាទំហំនៃការខូចខាតនេះតិច ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋ បន្តមានការប្រុងប្រយ័ត្នខ្ពស់និងបន្តតាមដានការចុះផ្សាយរបស់ ក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីអាចទទួលបាន ព័ត៌មានទាន់ហេតុការណ៍ជាប្រចាំថ្ងៃ៕