គ្រប់ស្ថាប័នទាំងអស់ ត្រូវកាត់បន្ថយចំណាយ ៥០ភាគរយ លើកលែងតែក្រសួងចំនួន៣

សម្ដេចហ៊ុនសែន នឹងតាមមើលថា តើរដ្ឋមន្ត្រីណាខ្លះ ចាប់ផ្តើមអនុវត្តន៍តាមផែនការនេះ

ភ្នំពេញ៖ គ្រប់ស្ថាប័នទាំងអស់ ត្រូវកាត់បន្ថយការចំណាយ៥០ភាគរយឯប្រតិភូដែលត្រូវចេញទៅបំពេញបេសកកម្ម ក្រៅប្រទេសក៏ត្រូវកាត់បន្ថយផងដែរ។ នេះជាការថ្លែងសាររបស់សម្ដេចហ៊ុនសែនក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារនិងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ។

សម្ដេចបានមានប្រសាសន៍ថា៖ គ្រប់ស្ថាប័នទាំងអស់កាត់បន្ថយការចំណាយ៥០ភាគរយលើកលែងតែចំនួន៣គឺ ក្រសួងការបរទេស ទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាត់បន្ថយ ២៥ភាគរយ។ ប្រតិភូចេញដែលត្រូវចេញទៅក្រៅប្រទេសត្រូវកាត់បន្ថយផងដែរ។បើត្រូវទៅ៥នាក់ ត្រូវបន្ថយមកនៅត្រឹម២នាក់។

ការកាត់បន្ថយការចំណាយនៅតាមក្រសួងស្ថាប័នរដ្ឋនេះខណៈដែលពិភពលោក កំពុងដោះស្រាយវិបត្តិនៃការរីករាលដាលនៃជម្ងឺ Covid-19។ បញ្ហានេះ បានធ្វើឲ្យប៉ះពាល់ដល់វិស័យជាច្រើនរបស់ ជាពិសេសវិស័យទេសចរនៅតាមបណ្ដាប្រទេសនានា ដោយឡែក កម្ពុជា ក៏រងនៅឥទ្ធិពលនេះផងដែល។

ការកាត់បន្ថយការចំណាយតាមបណ្ដាស្ថាប័ននានានឹងធ្វើឲ្យរដ្ឋប្រមូលលុយបាន ៤០០លានដុល្លារត្រឡប់មកវិញផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ដែរថាសម្ដេចនឹងតាមថា តើរដ្ឋមន្ត្រីណាខ្លះ ចាប់ផ្តើមអនុវត្តន៍តាមផែនការនេះ៕