សម្ដេចតេជោ៖ កម្ពុជា គឺមិនដាក់ខ្លួនទៅក្នុងអន្ទាក់នរណាទាំងអស់

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនមែនជាកូនបំណុលតែមួយគត់របស់ចិននោះទេ ហើយចិនក៏គ្មានបំណងដាក់អន្ទាក់កម្ពុជានោះដែរ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី៖ ខ្ញុំសូមបញ្ជាក់ដាច់ណាត់ថា យើងខ្ញុំមិនអាចក្លាយទៅជាកូនបំណុលតែមួយគត់ ហើយជាអន្ទាក់បំណុល ដែលចិនត្រូវដាក់ ហើយចិនក៏គ្មានបំណងដាក់កម្ពុជាជាអន្ទាក់បំណុលនោះដែរ

ការឆ្លើយតបបែបនេះ ក្នុងសន្និសីទអន្តរជាតិលើកទី២៧ ស្តីពីអនាគតរបស់អាស៊ី ដែលរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈពេល២ថ្ងៃ នៅថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ សម្រាប់កម្ពុជាគឺមិនដាក់ខ្លួនទៅក្នុងអន្ទាក់នរណាទាំងអស់ ហើយចិនក៏មិនមែនជាប្រទេសតែមួយគាត់ដែលយើងខ្ញុំ ខ្ចីប្រាក់នោះដែរ ជប៉ុនយើងខ្ញុំខ្ចីប្រាក់ច្រើន ជាមួយនឹងប្រទេសដទៃទៀត យើងខ្ញុំក៏ខ្ចីប្រាក់ដូចគ្នា

សម្តេចតេជោ៖ខ្ញុំសូមធានាថា អ្វីដែលយើងខ្ញុំខ្ចីយើងខ្ញុំមានការប្រុងប្រយ័ត្នខ្លួនឯង យើងខ្ញុំមានច្បាប់ទាក់ទងនឹងការខ្ចីបុល ហើយបើគិតមកដល់ពេលនេះ ពិដានសម្រាប់ការខ្ចីរបស់យើង ដែលគេអនុញ្ញាតឱ្យខ្ចីរហូតដល់៤០ភាគរយ នៃផលិតផលក្នុងស្រុកសរុប យើងខ្ញុំទើបនឹងខ្ចីត្រឹមតែ២៣ភាគរយតែប៉ុណ្ណោះ ដែលនៅសេសសល់ទំហំសម្រាប់ការខ្ចីតទៅទៀត។

 ប្រសាសន៍សម្ដេចតេជោ៖ ខ្ញុំសូមបញ្ជាក់ថា កម្ពុជាមិនដាក់ខ្លួនទៅជាកូនបំណុលរបស់នរណាមួយនោះទេ ព្រោះយើងមិនអាចខ្ចីតែពីចិន យើងអាចខ្ចីពីជប៉ុន យើងអាចខ្ចីពីកូរ៉េ យើងអាចខ្ចីពីធនាគារអភិវឌ្ឍអាស៊ី យើងអាចខ្ចីពីធនាគារពិភពលោក យើងអាចខ្ចីពីធនាគារអឺរ៉ុប អញ្ចឹងយើងមិនអាចពឹងពាក់តែមួយជ្រុងនោះទេ ប៉ុន្តែវាច្បាស់ហើយថា ចិនបានផ្តល់ជាមូលដ្ឋានសម្រាប់យើងខ្ញុំ នេះជាបញ្ហាពិតប្រាកដ។