ប្រកាន់ភ្ជាប់ចំណុចទាំងនេះ ដែលជួយបង្កើនតម្លៃអ្នក មិនថាមេដឹកនាំគេ ឬការដឹកនាំខ្លួនឯង

ចំណុចដែលបង្ហាញតម្លៃជាសភាវៈនៃមនុស្សពិតនៅក្នុងកម្មវិធីបណ្តុះបណ្តាលជាសាធារណៈ ក្រោមប្រធានបទស្តីពី “ឧត្តមានុវត្តន៍នៃភាពជាអ្នកដឹកនាំ” លោក ពឹង គិមឆេនដែលជាគ្រូឧទ្ទេស បានចែករំលែកជា៥ចំណុច។ ចំណុចទាំងនោះសុទ្ធសឹងតែបង្កើតតម្លៃដល់មនុស្សមិនថាមេដឹកនាំ ឬការដឹកនាំខ្លួនឯង សម្រាប់ការអនុវត្តប្រចាំថ្ងៃ ដែលមានដូចជា៖

. ស្អាត

ចំណុចនេះ លោក ពឹង គិមឆេនអតីតនាយកសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប បានសម្តៅទៅលើការចេះតុបតែងមិនថាសម្លៀកបំពាក់ អនាម័យសុខភាពដែលជាចំណុចមិនអាចខ្វះបានក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង។

. របៀប

ស្អាតបាត ហើយមានរបៀបទៀត ពោលគឺរឹតតែបង្កើនតម្លៃរបស់មនុស្សនោះបន្ថែម។ ចំណុចនេះ លោកគ្រូ ក៏បានលើកឡើងជាឧទាហរណ៍តូចមួយអំពី អ្នកពុំសូវមានទ្រព្យឬជីវភាពធូរធារ ប៉ុន្តែការរស់នៅស្អាត មានសណ្តាប់ធ្នាប់ នេះជាតម្លៃមួយ និងផ្ទុយទៅវិញអ្នកដែលមានជីវភាពរស់នៅធូរធារ ប៉ុន្តែបែរជាការរស់នៅពុំមានរបៀប គ្មានសណ្តាប់ធ្នាប់គ្មានអនាម័យ នោះតម្លៃក៏មិនប្រសើរទៅតាមភាពគ្មានសណ្តាប់ធ្នាប់នោះផងដែរ។


. សុភាព

សុភាពរាបសារនេះ លោកសម្តៅទៅលើឥរិយាបថរស់នៅរបស់មនុស្សដែលប្រកាន់យកខ្ជាប់ខ្លួននូវសីលធម៌ សុជីវធម៌ គុណធម៌ ដែលជាតម្លៃមិនអាចផ្តាច់បានពីមនុស្ស។ ដូច្នេះមិនថាអ្នកដឹកនាំ ឬមនុស្សដែលដឹកនាំខ្លួនឯង អាចពិចារណាស្វែងយល់បន្ថែមបាន។

. ទៀងពេល

ប្រាកដណាស់ ជាមនុស្សត្រូវគោរពពេលវេលាហើយក្នុងឋានៈជាអ្នកដឹកនាំនោះទៀតសោត ការគោរពពេលវេលា គឺពិតជាបន្ថែមតម្លៃទៅដល់បុគ្គលអ្នកដឹកនាំនោះពិតប្រាកដក៏ព្រោះថា ទោះលោកមានឋានៈខ្ពស់ តែលោកពិតប្រាកដជាអ្នកមានវិន័យ គោរពពាក្យសម្តីគោរពពេលវេលា ដែលជាតម្លៃវិសេសមួយរបស់អ្នកដឹកនាំ។

. សមាធិ

ចំណុចនេះផងដែរ លោក គិមឆេន ដែលបច្ចុប្បន្នជាទីប្រឹក្សាក្រសួងអប់រំបានសម្តៅទៅលើការចេះពិចារណាជាប្រចាំថ្ងៃ (រៀនគិតឡើងវិញនូវសកម្មភាពប្រចាំថ្ងៃដែលបានប្រព្រឹត្តឡើង)។ សមាធិនេះ ដែលជាការតម្កល់ចិត្តឱ្យនឹង ស្ងប់ តាមរយៈការផ្តោតលើដង្ហើមចេញ ដង្ហើមចូល គឺដើម្បីឱ្យបុគ្គលខ្លួនឯងចេះអប់រំនិងស្វ័យអប់រំខ្លួនឯងផង។ ចំណុចនេះបុគ្គលគ្រប់រូប អាចពិចារណាសិក្សាបន្ថែមសម្រាប់ការអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ៕