រាជធានីភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) បានបើកកិច្ចពិភាក្សាតុមូលជាមួយគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ដើម្បីពិនិត្យអំពីការស្នើសុំសំណើគម្រោងថ្មីសម្រាប់ឆ្នាំ២០២៤នៅកម្ពុជា។
កិច្ចពិភាក្សាសន្ទនាតុមូលនេះបានធ្វើឡើងនៅគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក)។ ភាគីទីភ្នាក់ងារកយកា-KOICA ដឹកនាំដោយ លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA)ប្រចំាប្រទេសកម្ពុជា ខណៈដែលភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាអំពីវិស័យអាទិភាពសំខាន់ៗរបស់កយកា-KOICA រួមមាន សុខាភិបាល អភិវឌ្ឍន៍ជនបទ ឌីជីថល និងបរិស្ថាន/ការប្រែប្រួលអាកាសធាតុ ពិភាក្សាអំពីគម្រោងថ្មីរបស់កយកា-KOICAសម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០២៤ និងចែករំលែកវឌ្ឍនភាពនៃគម្រោងដែលកំពុងដំណើរការ គម្រោងសម្រាប់ឆ្នាំ២០២២ និង២០២៣ និងអ្នកស្ម័គ្រចិត្តដែលទើបនឹងបញ្ជូនមក។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណចំពោះកយកានិងប្រជាជន ព្រមទាំងរដ្ឋាភិបាលកូរ៉េចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំ ដែលបាន នឹងកំពុងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។
ចំណែក លោក នោ ហ្យន់ជូន (Rho Hyunjun) បានសម្តែងសេចក្តីសោមនសរីករាយយ៉ាងខ្លាំង ក្នុងការបំពេញបេសកកម្មនៅកម្ពុជា ក្នុងនាមជាប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA)ប្រចំាប្រទេសកម្ពុជា។លោកបានលើកឡើងពីសមិទ្ធិផលដ៏គួរឲ្យចាប់អារម្មណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការអនុវត្តវិធានការ និងកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព ដើម្បីដោះស្រាយ ការរីករាលដាលនៃជំងឺកូវីដ-១៩ ការបើកប្រទេសឡើងវិញ និងការធ្វើសកម្មភាពសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ។
លោក នោ ហ្យន់ជូន (Rho Hyunjun) ក៏បានលើកឡើងអំពីជំហានបន្ទាប់ នៃការធ្វើការជាមួយក្រសួងពាក់ព័ន្ធរបស់ប្រទេសកម្ពុជា ដើម្បើរៀបចំឯកសារទស្សនទានគម្រោង (Project Concept Paper -PCP) សម្រាប់ការស្នើសុំសំណើគម្រោងថ្មីសម្រាប់ឆ្នាំ២០២៤។
ឯកឧត្ដម ឈៀង យ៉ាណារ៉ា បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនេះ ដែលលោកបានលើកទឹកចិត្ត កយកា-KOICA ឲ្យពិភាក្សាលម្អិតអំពីបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធ ដើម្បើរៀបចំឯកសារទស្សនទានគម្រោង (Project Concept Paper -PCP) សម្រាប់ការស្នើសុំសំណើគម្រោងថ្មី ។
ចាប់តាំងពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២១ កយកា-KOICA បានផ្តល់ជំនួយឥតសំណងប្រហែល ៣១០លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា ដើម្បីជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។ដោយឡែក សម្រាប់ឆ្នាំ២០២២នេះវិញ ជំនួយឥតសំណងរបស់កយកា-KOICA សម្រាប់ប្រទេសកម្ពុជា ត្រូវបានគេរំពឹងថានឹងមានចំនួនប្រហែល ២០,៧ លានដុល្លារអាមេរិក។