រដ្ឋ នឹងឧបត្ថម្ភ ១២០ដុល្លារក្នុងមួយខែ ដល់សិក្ខាកាម ជាកម្មករ-និយោជិត ដែលបាត់បង់ការងារ សម្រាប់រយៈពេល៦ខែ

កម្មករ និយោជិត ដែលត្រូវជ្រើសរើសជាសិក្ខាកាម ក្នុងវគ្គបណ្ដុះបណ្ដាលជំនាញ រយៈពេល ៤ខែនោះ នឹងអាចទទួលបានប្រាក់ ឧបត្ថម្ភ ១២០ដុល្លារក្នុងមួយខែ។

ភ្នំពេញ៖ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ​ស្ដីពី​បច្ចុប្បន្នភាព​ថ្មីៗ ​ពាក់ព័ន្ធ​នឹង​កម្ពុជា​នៅ​ថ្ងៃទី​២៤កុម្ភៈ ឆ្នាំ​២០២០ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនូវវិធានការមួយចំនួនដើម្បីជួយដល់កម្មករ និយោជិត ដែលបាត់បង់ការងារនិង មិនទាន់អាចរកការងារថ្មីបាន។

កម្មករ និយោជិត មិនត្រឹមតែទទួលបាន ការបណ្ដុះបណ្ដាលជំនាញ៤ខែនោះទេ ថែមទាំងអាចទទួលបានប្រាក់ ឧបត្ថម្ភ ១២០ដុល្លារក្នុងមួយខែ ដល់សិក្ខាកាម ជាកម្មករ-និយោជិត ដែលបាត់បង់ការងារ រយៈសម្រាប់រយៈពេល៦ខែ ផងដែរ។

ក្នុងនោះ តាមរយៈក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈដែលត្រូវរៀបចំកម្មវិធីបណ្ដុះបណ្ដាលជួយដល់ ក្មួយៗ សម្ដេច បានលើកនូវវិធានការ ដែលរួមមានដូចខាងក្រោម៖

-         ផ្ដល់សេវាជួយរកការងារឲ្យកម្មករធ្វើតាមរយៈទីភ្នាក់ងារជាតិមុខរបរ ដែលអាចជួយជម្រុញកម្មករ និយោជិត ដែលបាត់បង់ការងារឲ្យចាប់យកការងារថ្មីបានឆាប់រហ័ស

-         បណ្ដុះបណ្ដាលជំនាញទន់រយៈពេលខ្លី ពី ១ដល់២ សប្ដាហ៍ ដល់កម្មករ និយោជិត ដែលបាត់បង់ការងារ និងមិនទាន់អាចរកការងារធ្វើឡើងវិញបាន

-         បណ្ដុះបណ្ដាលជំនាញបច្ចេកទេសរយៈពេល៤ខែ ដើម្បីបំពាក់ជំនាញថ្មី និងផ្ដល់ភាពងាយស្រួលក្នុងការរកការងារធ្វើ ក្នុងវិស័យមិនមែនកាត់ដេរ

-         ផ្ដល់ជូនដល់សិក្ខាកាមដែលត្រូវបានជ្រើសរើស និងទទួលបានការបណ្ដុះបណ្ដាល នូវប្រាក់ឧបត្ថម្ភ ចំនួន ១២០ដុល្លារអាមេរិកសម្រាប់រយៈពេល៦ខែ (៤ខែសម្រាប់ការបណ្ដុះបណ្ដាល និង២ខែ សម្រាប់ទុក បម្រុងក្នុងអំឡុងពេលរកការងារធ្វើមិនទាន់បាន៕