ការរក្សាបាននូវបុគ្គលិកដែលមានពោរពេញដោយសមត្ថភាពនៅមួយកន្លែងជារឿងពិបាកមួយសម្រាប់មេដឹកនាំផងដែរ។ ការសិក្សាជាច្រើនបង្ហាញថាទំនាក់ទំនងរវាងបុគ្គលិក និងថ្នាក់ដឹកនាំជាផ្នែកសំខាន់មួយដែលមានឥទ្ធិពលទៅលើចំណែកការងារក្នុងគោលដៅរួម។ ដូច្នេះបទពិសោធមួយចំនួនពីអ្នកជំនាញបានបង្ហាញជាចំណុចដូចខាងក្រោមនេះ ក្នុងន័យរក្សាបាននូវអ្នកក្រោមកិច្ចការដែលមានសមត្ថភាពនិងទេពកោសល្យពិសេសៗក្នុងស្ថាប័ន៖
១. គោរពសន្យា
ឧទាហរណ៍តូចមួយ គឺការគោរពពាក្យសន្យារបស់អ្នកជាមួយបុគ្គលិកដូចជាការផ្តល់ឱ្យពួកគេនូវការបណ្តុះបណ្តាលជំនាញថ្មីៗ ឱកាសរៀនសូត្រសម្រាប់រីកចម្រើន សិក្ខាសាលាបង្រៀន…។ គោរពសន្យា ដែលបង្ហាញថាអ្នក ជាចំណែកមួយជួយជ្រោមជ្រែងពួកគេឱ្យបានជោគជ័យ។
២. ស្វាគមន៍បរាជ័យ
ទោះបរាជ័យ ប៉ុន្តែមេដឹកនាំចេះបង្កើតបរិយាកាសមួយដែលរាល់បុគ្គលិកគ្រប់ផ្នែកទាំងអស់អាចយល់នូវកំហុសដែលកើតឡើងដោយពុំយកភាពអាម៉ាស ឬការដាក់ទណ្ឌកម្មជាត្រីមុខ។ មេដឹកនាំ ដែលនៅតែបន្តដំណើរទៅមុខ នៅពេលរឿងរ៉ាវកើតឡើងមិនដូចការគ្រោងទុក។ មេដឹកនាំដែលចេះចៀសវាងការស្តីបន្ទោស ប៉ុន្តែយកកំហុសជាមេរៀនបង្រៀន ពិភាក្សាបទពិសោធន៍សម្រាប់កិច្ចការបន្ទាប់។
៣. ផ្តល់តម្លៃបុគ្គលិក
គ្រប់បុគ្គលិកក្រោមបង្គាប់ តែងមានបុគ្គលិកលក្ខណៈផ្សេងៗគ្នារៀងៗខ្លួនក៏ដូចជារបៀបនៃការធ្វើការងារផ្ទាល់ខ្លួន ដែលតម្រូវឱ្យមេដឹកនាំមិនគួរមើលរំលង។ មេដឹកនាំដែលចេះចំណាយពេលដើម្បីស្គាល់ពីសមត្ថភាពពិសេសផ្ទាល់ខ្លួនរបស់បុគ្គលិកក៏ដូចជាទេពកោសល្យផ្សេងៗ នោះអ្នកក្រោមបង្គាប់យល់ថា ពួកគេ(បុគ្គលិក) មានតម្លៃនៅពេលដែលមេដឹកនាំពួកគេយកចិត្តទុកដាក់។ មេដឹកនាំដែលចេះរៀនស្វែងយល់ពីបុគ្គលិកនិងចេះដុសខាត់ ជម្រុញសមត្ថភាពពិសេសរបស់បុគ្គលិកកាន់តែល្អប្រសើរឡើង។
ប្រិយមិត្តអាចស្វែងរកអានមេរៀន ស្តីពីភាពជាអ្នកដឹកនាំនាអត្ថបទជាច្រើនបន្តបន្ទាប់ទៀតនៅក្រមាប៉ុស្តិ៍...
ចុចអាន៖ ចំណុចគួរចៀសវាងទាំងនេះ ក្នុងតំណែងជាអ្នកដឹកនាំមួយរូប
៤. រៀនមិនចេះចប់
មេដឹកនាំដែលចេះដាក់ខ្លួន ដែលដឹងថាតែងមានអ្វីថ្មីៗសម្រាប់រៀនសូត្រជានិច្ចទោះបីក្នុងឋានៈតួនាទីជាអ្នកដឹកនាំក៏ដោយ។ មេដឹកនាំដែលចំណាយពេលរៀនសូត្រអ្វីថ្មីៗមិនថាចូលរួមសិក្ខាសាលា ឬការបណ្តុះបណ្តាលជំនាញថ្មី។ ការធ្វើនេះគឺបង្ហាញពីសារសំខាន់នៃការបន្តការសិក្សា ទំនួលខុសត្រូវ ការរួមចំណែក ការចែករំលែក និងជាគំរូល្អទៅកាន់ក្រុមការងារបុគ្គលិក និងជាការជម្រុញទឹកចិត្តពួកគេ។
៥. ជាគំរូល្អដល់កូនចៅ
ចំណុចនេះ មានន័យថាមេដឹកនាំជាបុគ្គលគំរូផ្ទាល់សម្រាប់កូនចៅ។ឧទាហរណ៍ អ្នកអាចបង្ហាត់បង្ហាញទៅដល់កូនចៅ ហើយក៏មានបទពិសោធន៍ល្អ ក៏ដូចជាការអនុវត្តពីខ្លួនឯងផ្ទាល់ពោលគឺអាចនិយាយ និងធ្វើបាន។ បុគ្គលិកជាប់ចិត្ត និងមានមនោសញ្ចេតនាច្រើននៅពេលមេដឹកនាំមានទំនួលខុសត្រូវ ជាគំរូល្អមិនថាក្នុងសង្គម ឬតួនាទី និងមានឆន្ទៈខ្ពស់ជាមួយក្រុមការងារ។
៦. ជម្រុញការរីកចម្រើន
មេដឹកនាំ ដែលចេះទទួលយកមតិពីបុគ្គលិកនៅគ្រប់កម្រិតក៏ដូចជាថ្នាក់ដឹកនាំ ដើម្បីស្ទង់ថាតើពួកគេពេញចិត្តនឹងគោលដៅការងារនិងការរីកចម្រើនក្នុងអាជីពពួកគេឬទេ មានឱកាសរីកចម្រើនបន្តទៅមុខឬទេនៅក្នុងគោលដៅការងាររួម? ការផ្តល់រង្វាន់សម្រាប់ក្រុមការងារ បុគ្គលិកនៅពេលពួកគេបានបំពេញបានជោគជ័យនូវកិច្ចការរបស់ពួកគេ ក៏ជាផ្នែកមួយជម្រុញសមត្ថភាពការខិតខំប្រឹងប្រែងរបស់ពួកគេសម្រាប់គោលដៅការងារក្រុមជាបន្តបន្ទាប់ទៅមុខផងដែរ។
៧. មិនមើលរំលងបុគ្គលិកដែលមានសមត្ថភាព
ចំណុចនេះ ចង់សម្តៅទៅលើមេដឹកនាំដែលមិនមើលរំលងហួសបុគ្គលិកមានសមត្ថភាពទោះបីកំពុងទទួលបង្ហាត់បង្ហាញបុគ្គលិកថ្មីៗក្នុងក្រុមការងារក៏ដោយ។ ពួកគេនៅតែត្រូវការមេដឹកនាំគាំទ្រ បង្ហាត់បង្ហាញ ការលើកទឹកចិត្ត សម្រាប់កិច្ចការបន្តបន្ទាប់ជាមួយស្ថាប័នឬអង្គភាព អាជីវកម្ម។ មនោសញ្ចេតនាច្រើនទាក់ទាញចិត្តពួកគេ មិនទៅណាឆ្ងាយពីអង្គភាពស្ថាប័ន ឬអាជីវកម្មដើម ដែលគេពួកគេជាចំណែកសំខាន់មួយនៅទីនោះ៕
ប្រភព៖ Recruiter