តើ 1ms Response Time លើម៉ូនីទ័រកុំព្យូទ័រគឺជាអ្វី ហើយហេតុអ្វីបានជាវាចាំបាច់

បច្ចេកវិទ្យា៖ អ្នកប្រាកដជាធ្លាប់យល់ច្រឡំគ្នាខ្លះ នៅពេលទិញម៉ូនីទ័រ គឺការប្រើពាក្យថា Response Time, Frame Rate, Refresh Rate, Latency។ តើឃ្លាទាំងនេះ សំដៅលើអ្វី? 

ខាងក្រោមនេះ យើងនឹងបកស្រាយតែលើចំនុច Response Time ។

Response Time (ពេលវេលាឆ្លើយតប) គឺគ្រាន់តែជាលក្ខណៈពិសេសមួយ ក្នុងចំណោមលក្ខណៈពិសេសជាច្រើនដែលអ្នកគួរពិចារណានៅពេលរកមើលទិញម៉ូនីទ័រ វាស្មុគស្មាញបន្តិចដោយសារវាមានពាក់ព័ន្ធជាមួយ បន្ទះផាណែល និងនិយាយពីពណ៌។ យើងសង្ឃឹមថា ការបកស្រាយពីលក្ខណៈសម្បត្តិដែលត្រូវរើស ម៉ូនីទ័រ នឹងផ្ដល់ប្រយោជន៍សម្រាប់អ្នក។

* Response Time ខុសឆ្ងាយពី Refresh Rate ក្នុងន័យខ្លី Refresh Rate គឺជាចំនួនដងដែលអេក្រង់បង្ហាញរូបភាពថ្មីរៀងរាល់វិនាទី ដែលបង្ហាញជា Hertz ។

Response Time

Response Time (ពេលវេលាឆ្លើយតប) ចំនុចនេះ វាទាក់ទងនឹងពណ៌ដែលអ្នកឃើញនៅលើម៉ូនីទ័រ និងរយៈពេលដែលវាត្រូវការពេលដើម្បីផ្លាស់ប្តូរ រវាងពណ៌មួយទៅពណ៌មួយទៀត ដោយរាប់ជា មីលីវិនាទី (ms)។ 

គេវាស់ជាពេលវេលា ដែលវាត្រូវការដើម្បីប្ដូរពី ពណ៌ខ្មៅ ទៅពណ៌ស និងត្រឡប់ទៅពណ៌ខ្មៅវិញ។ មានន័យថា តើពេលវេលាប៉ុន្មានដែលត្រូវប្ដូរ ខណៈពណ៌១ដំណើរការ(Turn On) និងពណ៌១ទៀតបិទ(Turn Off) និងពីពណ៌ដែលបិទ ប្រែជាបើកវិញ។ 

1ms (milliseconds) គឺមានន័យថា វាត្រូវការពេល 1មីលីវិនាទី ដើម្បីប្ដូរពីពណ៌មួយទៅពណ៌មួយទៀតលើម៉ូនីទ័រ។Response Time កាន់តែតូច(ក្នុងមីលីវិនាទី) គឺកាន់តែល្អ ដែលនាំឲ្យការបង្ហាញរូបភាព និងចលនាកាន់តែប្រសើរ

 អ្នកអាចរកឃើញប្រភេទបន្ទះផាណែលក្នុងទីផ្សារ ដូចជាប្រភេទ TN ដែលមាន Response Time ច្រើនជាងបន្ទះផាណែលប្រភេទជា IPS ។ អ្នកអាចអានបន្ថែមពីភាពខុសគ្នានៃបន្ទះផាណែល TN, VA, IPS។ ប៉ុន្តែបច្ចុប្បន្ន ក៏មានការផលិត បន្ទះផាណែល IPS កម្រិត Response Time ខ្ពស់ផងដែរ។

ហេតុអ្វីបានជា Response Time មានសារៈសំខាន់?

ប្រសិនបើអ្នកជាអ្នកប្រើប្រាស់អ៊ីនធឺណិតធម្មតា មានន័យថាអ្នកគ្រាន់តែរកមើលមាតិកាទូទៅ ទិញទំនិញ នោះ Response Time មិនមែនជាកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់នោះទេ។ សូម្បីតែការមើលភាពយន្ត ឬវីដេអូក៏ដោយ Response Time នៅតែមិនធំដុំសម្រាប់អ្នកនោះទេ។

ប្រសិនបើអ្នកជាអ្នកថតវីដេអូ ឬអ្នកលេងហ្គេម នោះ Response Time មានសារៈសំខាន់ណាស់។ ការ​មាន​អត្រា​នៃ Response Time ​ទាប ​ដូច​ជា​ 1ms ឬ 0.5ms ​អាច​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​ទាំង​អស់​សម្រាប់​អ្នក​។

តើអ្នកលេងហ្គេមទាំងអស់ ត្រូវការ Response Time ទាបដែរឬទេ?

សម្រាប់ហ្គេមដូចជា Fortnight, Overwatch, Rocket League, or Street Fighter មាន Response Time កាន់តែទាប គឺកាន់តែល្អ តែអ្នកក៏ត្រូវការ អ៊ិនធើណិតក្នុងល្បឿនលឿនផងដែរ។ បើសិនអ្នកលេងត្រឹម MineCraft នោះមិនចាំបាច់ Response Time ទាបនោះទេ។