គំនិតពីមេដឹកនាំក្រុមហ៊ុនល្បីៗ ជាមេរៀនភាពជាអ្នកដឹកនាំ

គំនិតពីមេដឹកនាំ និងបណ្តាអ្នកគ្រប់គ្រងនៅបណ្តាក្រុមហ៊ុនសារជីវកម្មល្បីៗ បានក្លាយជាទុនគំនិត និងជាមេរៀនភាពជាដឹកនាំសម្រាប់សាធារណជនទូទៅ។សម្រាប់អត្ថបទនេះ ក្រមាសូមបង្ហាញសង្ខេបជូនប្រិយមិត្តនូវគំនិតមួយចំនួនពីបណ្តាបុគ្គលល្បីៗដឹកនាំទាំងនោះ៖

.ផ្នត់គំនិតជាក្រុម

”មេដឹកនាំដែលដឹកនាំការងារមានប្រសិទ្ធិភាពបំផុតមិនដែលឮនិយាយពាក្យថា “ខ្ញុំ” នោះទេហើយន័យនេះចង់សម្តៅទៅលើ ការគិតក្នុងផ្នត់គំនិតជាការងាររួមគ្នា ពោលគឺប្រើពាក្យ “យើង” ដែលជាគោលគំនិតជាក្រុម។ មេដឹកនាំជាមនុស្សម្នាក់ដែលយល់ពីការងាររបស់គាត់ដើម្បីធ្វើឱ្យការងារក្រុមទាំងមូលដើរ។ អ្នកដឹកនាំទទួលបានកិត្តិនាមជាក្រុមហើយនេះជាអ្វីដែលបង្កើតនូវទំនុកចិត្ត និងអ្វីដែលជម្រុញឱ្យក្រុមសម្រេចបាននូវលទ្ធផលការងារ។ ”លោក Peter Drucker ប្រធានផ្នែកប្រឹក្សាអប់រំអ្នកនិពន្ធ អ្នកសរសេរគំនិតសម្រាប់ក្រុមហ៊ុន សារជីវកម្មទំនើបនានា។

. ជម្រុញឱ្យអ្នកផ្សេងៗបានអភិវឌ្ឍប្រសើរឡើង

អ្នកដឹកនាំល្អម្នាក់តែងរីករាយនឹងឃើញអ្នកផ្សេងៗមានការរីកចម្រើន អភិវឌ្ឍខ្លួន ដុសខាត់នូវជំនាញបានល្អ។ ថ្ងៃដែលអ្នកដឹកនាំណាមួយខ្លាចអ្នកផ្សេងល្អប្រសើរជាងខ្លួន ក៏ជាថ្ងៃដែលបរាជ័យសម្រាប់មេដឹកនាំនោះ។” លោក Jack Welch គណៈគ្រប់គ្រងនិងប្រធានប្រតិបត្តិនៃសារជីវកម្មពហុវិស័យ General Electric។

. ជម្រុញបុគ្គលិកនូវជំនឿទុកចិត្តលើខ្លួនឯង

“អ្នកដឹកនាំពូកែមានវិធីជាច្រើនរបៀបដើម្បីជម្រុញការគោរពនិងទំនុកចិត្តខ្លួនឯង។ ប្រសិនបើមនុស្សជឿទុកចិត្តខ្លួនឯង វានឹងក្លាយជារឿងអស្ចារ្យនូវអ្វីដែលគេបានសម្រេច។”លោក Sam Walton សហគ្រិនអាមេរិកនិងជាស្ថាបនិកសារជីវកម្ម Walmart។

. ថែរក្សាបុគ្គលិក

“ការចូលកាន់តែជ្រៅទៅកាន់ផ្នែកបច្ចេកវិទ្យាគឺសម្តៅលើមនុស្ស រកឃើញ និងជ្រើសរើសពួកគេ ថែរក្សាពួកគេ បង្កើតបរិយាកាសច្នៃប្រឌិតហើយស្វះស្វែងរកវិធីក្នុងការច្នៃប្រឌិត។” អ្នកស្រី MarissaMayer អតីតប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Google និងជាប្រធានប្រតិបត្តិរបស់ Yahoo! នាពេលបច្ចុប្បន្ន។

ចុចអាន៖  ១៣ចំណុចនៃភាពជាអ្នកដឹកនាំសម័យថ្មី រៀនអភិវឌ្ឍ និងUpgradeខ្លួនឯង

. សម្របសម្រួលទិសដៅសម្រាប់គោលដៅ

“រាល់លទ្ធផលដែលខ្ញុំសម្រេចបានគោលសំខាន់នោះគឺការសម្របសម្រួលដល់អ្នកដែលធ្វើការជាមួយខ្ញុំ ហើយតម្រង់កិច្ចខំប្រឹងប្រែងរបស់ពួកគេទៅកាន់គោលដៅជាក់លាក់។”លោក Walt Disney សហគ្រិនអាមេរិកនិងជាសហស្ថាបនិកក្រុមហ៊ុន The Walt Disney Company ។

. ឆន្ទៈជាអ្នកត្រួសត្រាយផ្លូវ

“ការច្នៃបង្កើតនិងត្រាយផ្លូវគឺតម្រូវឱ្យមានឆន្ទៈ ដោយមានភាពអំណត់ក្នុងរយៈពេលយូរណាមួយ។” លោក Jeff Bezos ស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន Amazon។

. មានមនុស្សដើរតាមអ្នក

ភាពជាអ្នកដឹកនាំ ក្នុងគំនិតទស្សនៈរបស់លោក AnneMulcahy អតីតគណៈគ្រប់គ្រង និងប្រធានប្រតិបត្តិសារជីវកម្ម Xerox Corporation បានឱ្យដឹងថា៖ “ខ្ញុំគិតថាពេលខ្លះយើងគួរតែភ្លេចពីការតែងតាំងជាអ្នកដឹកនាំទៅ តែយើងពិតជាទទួលបានវា(ភាពជាអ្នកដឹកនាំ/ដំណែងជាអ្នកដឹកនាំ) នៅពេលមានអ្នកដើរតាម ហើយមានទំនុកចិត្ត ឆន្ទៈនឹងដើរតាមដោយស្មោះ។ហើយខ្ញុំគិតថា អ្នកនឹងឃើញភាពខុសប្លែករវាងមេដឹកនាំដែលសម្រេចលទ្ធផលជោគជ័យនិងមេដឹកនាំនៅមានកម្រិត”។

. ជម្រុញទឹកចិត្ត

“ភាពជាអ្នកដឹកនាំ គឺមានមនុស្សនៅតែធ្វើការសម្រាប់អ្នកទោះបីមិនមែនជាកាតព្វកិច្ចក៏ដោយ (ការជម្រុញលើកទឹកចិត្ត) Fred Smith ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃសារជីវកម្ម FedEx៕

ប្រភព៖ NeilPatel