ក្រុងតូក្យូ៖ ក្រុមហ៊ុន Hitachi បានបង្កើតប្រព័ន្ធផ្ទៀងផ្ទាត់ជីវមាត្រ (biometrics authentication system) ដែលផ្អែកលើក្រយៅម្រាមដៃ ដើម្បីឱ្យអ្នកប្រើប្រាស់អាចឆែកចូលសណ្ឋាគារ ឬទូទាត់ប្រាក់នៅតាមហាងនានាដោយមិនចាំបាច់ប្រើកាតឥណទាន ឬស្មាតហ្វូន។
ចុចអានបន្ថែម៖ អ្វីទៅជាប្រព័ន្ធ Biometrics?
អ្នកប្រើប្រាស់គ្រាន់តែដាក់ម្រាមដៃលើឧបករណ៍ស្កេនក្រយៅដៃប៉ុណ្ណោះ ហើយម៉ាស៊ីននឹងកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ និងទទួលបានព័ត៌មានចាំបាច់ ដូចជាលេខកាតឥណទាន ឬព័ត៌មានផ្ទាល់ខ្លួន ដូចជាអាយុ ឬកំណត់ត្រាការចាក់ថ្នាំបង្ការកូវីដជាដើម។ ព័ត៌មានត្រូវបានបង្ហាញនៅលើអេក្រង់របស់ថេប្លេត ដែលភ្ជាប់ទៅប្រព័ន្ធជីវមាត្រនោះ។
ដំណើរការនេះ នឹងធ្វើឱ្យអ្នកទិញទំនិញមិនចាំបាច់កាន់កាតឥណទាន ឬស្មាតហ្វូនសម្រាប់ការទិញទំនិញនោះទេ។ វាក៏នឹងបង្កើនល្បឿនប្រតិបត្តិការផ្សេងៗដូចជា ការទូទាត់ និងការចុះឈ្មោះសម្រាប់ប្រតិបត្តិករអាជីវកម្ម។
ប្រព័ន្ធជីវមាត្រ ត្រូវបានរំពឹងថានឹងកាត់បន្ថយពេលវេលាប្រតិបត្តិការយ៉ាងហោចណាស់ 40 វិនាទី នេះបើយោងតាមក្រុមហ៊ុន Hitachi ។
ប្រព័ន្ធនេះអាចត្រូវបានប្រើដើម្បីរក្សាទុកព័ត៌មានប្រភេទផ្សេងទៀត ដូចជាពិន្ទុនៃការទិញទំនិញ ទិន្នន័យនៃការអាឡែហ្ស៊ីអាហារ និងធ្វើប្រតិបត្តិការផ្សេងៗ រួមទាំងការទិញគ្រឿងស្រវឹង ឬការដាក់ពាក្យសុំការងារកាន់តែងាយស្រួល។
ក្រុមហ៊ុន Hitachi ផ្ទាល់នឹងមិនមានទិន្នន័យផ្ទាល់ខ្លួនទេ។ វានឹងប្រើបច្ចេកវិទ្យា blockchain ដើម្បីរក្សាកំណត់ត្រានៃការទាញយកទិន្នន័យ និងធានានូវភាពត្រឹមត្រូវនៃព័ត៌មាន។
ក្រុមហ៊ុន Hitachi នឹងរកលុយបានតាមរយៈការបង់ថ្លៃសេវា និងលក់ឧបករណ៍អានម្រាមដៃ ដែលអាចនឹងរកចំណូលបាន81 លានដុល្លារ ក្នុងរយៈពេល 3 ឆ្នាំ។
ទីផ្សារសម្រាប់ការគ្រប់គ្រងអត្តសញ្ញាណដែលមានមូលដ្ឋានលើ blockchain ត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើងជាង 100 ដងចាប់ពីឆ្នាំ 2018 ដល់ 11.46 ពាន់លានដុល្លារក្នុងឆ្នាំ 2026 នេះបើយោងតាមការព្យាករណ៍ដោយ Research and Markets ដែលជាក្រុមហ៊ុនស្រាវជ្រាវអៀរឡង់។
បច្ចុប្បន្ននេះ ស្មាតហ្វូនគឺជាមធ្យោបាយទូទៅក្នុងការធ្វើប្រតិបត្តិការដោយគ្មានសាច់ប្រាក់។ ជាមួយនឹងការរីករាលដាលនៃបច្ចេកវិទ្យា blockchain ការទូទាត់តាមទូរស័ព្ទអាចត្រូវបានជំនួសដោយជីវមាត្រនាពេលអនាគត។