ធនាគារពិភពលោក កាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ច ប្រទេសវៀតណាមក្នុងឆ្នាំនេះ មកត្រឹម 5.3 ភាគរយ

ប្រទេសវៀតណាម៖ ធនាគារពិភពលោក បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ច ចំពោះប្រទេសវៀតណាមក្នុងឆ្នាំនេះ មកត្រឹម 5.3 ភាគរយ ដោយសារការកើនឡើងនៃការឆ្លងមេរោគ Covid-19 និងការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងទីផ្សារនាំចេញសំខាន់ៗរបស់ខ្លួន។ 

កាលពីខែតុលាឆ្នាំមុន ធនាគារពិភពលោកក៏បានព្យាករណ៍ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ថានឹងមានអត្រាកំណើន 6.5 ភាគរយ ។

ធនាគារពិភពលោក បានព្យាករណ៍ថា វិស័យសេវាកម្មនឹងងើបឡើងវិញជាបណ្តើរៗក្នុងកំឡុងឆ្នាំនេះ ដោយសារទំនុកចិត្តរបស់អ្នកប្រើប្រាស់ត្រូវបានស្ដារឡើងវិញ ហើយវិស័យទេសចរណ៍នឹងចាប់ផ្តើមឡើងវិញចាប់ពីពាក់កណ្តាលឆ្នាំ 2022 តទៅ

ប៉ុន្តែ​ផលិតកម្ម នឹង​កើនឡើង​ក្នុង​ល្បឿន​យឺត ​ដែល​ឆ្លុះបញ្ចាំង​ពី​កំណើន​មធ្យម​នៅក្នុង​ទីផ្សារ​នាំចេញ​សំខាន់​ របស់​វៀតណាម ទៅ​កាន់សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ចិន។

ធនាគារពិភពលោក ក៏បានបង្ហាញពី ហានិភ័យដែលកើនឡើងពីការប៉ះទង្គិចផ្នែកសេដ្ឋកិច្ចខាងក្រៅ រួមទាំងជម្លោះរុស្ស៊ី-អ៊ុយក្រែន និងបញ្ហានៃ Covid-19 រលកថ្មី, ការថយចុះនៃតម្រូវការក្នុងស្រុក និងកង្វះកម្លាំងពលកម្មដោយសារការកើនឡើងនៃការឆ្លងកូវីដផងដែរ។

ធនាគារពិភពលោក ក៏បានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលវៀតណាម ឱ្យដាក់ពង្រាយការគាំទ្រគោលនយោបាយសារពើពន្ធដែលរឹងមាំ និងគោលនយោបាយរូបិយវត្ថុដែលមានការសម្របសម្រួល និងប្រុងប្រយ័ត្ន៕