វិធីសាស្រ្តធ្វើឲ្យគេងឆាប់លក់ ដោយប្ដូរទម្លាប់ខ្លះៗមុនពេលចូលគេង

នៅពេលដែលមកពីធ្វើការហត់ រៀនអស់កម្លាំង ត្រឡប់មកវិញចង់ចូលសម្រាកឲ្យបាត់នឿយហត់ ទុកកម្លាំងបន្តសកម្មភាពនៅស្អែកទៀត តែបែរជាគេងមិនលក់ទៅវិញ គេងលក់នៅយប់ជ្រៅ ហើយការគេងក៏មិនបានស្កប់ស្កល់ថែមទៀតផង។ ជួនពេលខ្លះគេងរៀបលក់ទៅហើយ បែរជាមានឮសម្លេងរំខានពីទូរស័ព្ទថែមទៀត។ ឈប់បណ្ដោយឲ្យការគេងរបស់អ្នកមានការរំខានទាំងនេះទៀតទៅ! សាកល្បងមកប្ដូរទម្លាប់មុនចូលគេងខ្លះៗ ដើម្បីឲ្យអ្នកគេងបានឆាប់ និងស្កប់ស្កល់៖

១.ទុកប្រព័ន្ធអេឡិចត្រូនិចឆ្ងាយពីកន្លែងគេង

ទុកប្រព័ន្ធអេឡិចត្រូនិចផ្សេងៗ ដូចជាទូរស័ព្ទ កុំព្យូទ័រ Laptop  ដែលអាចធ្វើឲ្យមានសម្លេង ឬពន្លឺខ្លាំងឆ្ងាយពីគ្រែគេងរបស់អ្នក និងគូរតែផ្អាកការលេងបណ្ដាញសង្គមមុនពេលចូលគេង៣០នាទី-១ម៉ោង ដើម្បីទុកឲ្យភ្នែកបានសម្រាក ហើយឆាប់គេងលក់ស្រួល។

២.បន្ថយ ឬបិទពន្លឺភ្លើងនៅក្នុងបន្ទប់គេង

ធ្វើឲ្យបន្ទប់គេងរបស់អ្នកមើលទៅស្រទន់ ដោយគ្មានពន្លឺខ្លាំងពេកចាំងចូលភ្នែក ដើម្បីឆាប់ឲ្យអ្នកគេងលក់ និងគ្មានការរំខានដល់កែវភ្នែករបស់អ្នកពីពន្លឺ ដូច្នេះហើយការគេងរបស់អ្នកក៏បានស្កប់ស្កល់ដូចគ្នា។

៣.អានសៀវភៅបន្ធូរអារម្មណ៍

អានសៀវភៅធ្វើឲ្យភ្នែកទន់ និងឆាប់ងងុយគេង ប៉ុន្តែត្រូវជ្រើសរើសសៀវភៅឲ្យត្រូវជាមួយស្ថានការណ៍ ដូចជាសៀវភៅបន្ធូរអារម្មណ៍ សៀវភៅដែលមិនធ្វើឲ្យអ្នកគិតវិភាគស្មុគស្មាញច្រើន បើមិនដូច្នេះទេ អ្នកប្រាកដជាមិនងងុយគេងលើសដើម។

៤.កុំទទួលទានជាតិកាហ្វេអ៊ីនមុនពេលគេង

ជាតិកាហ្វេអ៊ីនមាននៅក្នុងភេសជ្ជះមួយចំនួនដូចជា កាហ្វេ តែ ឬក៏ប្រភេទភេសជ្ជៈប៉ូវកម្លាំង ដែលការទទួលទានប្រភេទភេសជ្ជៈទាំងនេះហើយ ទើបពេលខ្លះអ្នកអស់កម្លាំង ប៉ុន្តែបែរជាគេងមិនលក់ទៅវិញ។

៥.ព្យាយាមកុំគេងពេលថ្ងៃ
ការគេងថ្ងៃធ្វើឲ្យអ្នកមិនសូវងងុយគេងនៅពេលយប់ ឬចូលគេងយប់ជ្រៅពេក ដែលបណ្ដាលឲ្យក្លាយជាទម្លាប់ មិនគេងថ្ងៃមិនបាន ងងុយគេងពេលថ្ងៃ ដូចជាងងុយនៅពេលយប់ និងប៉ះពាល់ដល់ការគេងថែមទៀតផង។

៦.រៀបកាលវិភាគគេងឲ្យបានត្រឹមត្រូវ

រៀបកាលវិភាគគេងរបស់អ្នកឲ្យបានត្រឹមត្រូវ និងព្យាយាមគេងទៅតាមកាលវិភាគដែលអ្នកបានរៀបចំ ឲ្យទៀងទាត់តាមកាលវិភាគនោះជារៀងរាល់ថ្ងៃ។

៧.ការហាត់ប្រាណ

ការហាត់ប្រាណស្រាលៗ ប្រភេទយ៉ូហ្កា ធ្វើអ្នកបញ្ចេញជាតិពុលពីក្នុងរាងកាយ មានសុខភាពល្អ និងធ្វើឲ្យអ្នកឆាប់ចូលគេងបានទៀងទាត់ទៀតផង។

៧ចំណុចងាយៗខាងលើនេះ ដែលត្រូវអនុវត្តមុនពេលចូលគេង ដើម្បីឲ្យអ្នកប្ដូរពីគេងនៅពេលយប់ជ្រៅ មកទម្លាប់ចូលគេងបានឆាប់ និងគេងលក់បានស្កប់ស្កល់ ដើម្បីចាប់ផ្ដើមពេលព្រឹកព្រលឹមដ៏ស្រស់ស្អាតរបស់អ្នក៕