សញ្ញាទាំង៥យ៉ាង បង្ហាញថាអ្នកកំពុងរស់ក្នុងជីវិតដែលមិនទាន់មានក្ដីសុខ

រស់ក្នុងជីវិតដែលសាមញ្ញៗ មានក្ដីសុខទាំងកាយទាំងចិត្ត ជាក្ដីប្រាថ្នារបស់មនុស្សជាច្រើន ប៉ុន្តែមានបញ្ហាខ្លះៗដែលរារាំងក្ដីសុខរបស់អ្នក ដោយសារតែមើលរំលងចំណុចមួយចំនួននៅក្នុងជីវិត។ ប្រសិនបើអ្នកមានសញ្ញាទាំង៥យ៉ាងខាងក្រោមនេះ បង្ហាញថាអ្នកកំពុងតែរស់នៅក្នុងជិវិតដែលគ្មានក្ដីសុខឡើយ៖

១.មានគំនិតអវិជ្ជមាន

អ្នកតែងតែមើលឃើញអ្នកដទៃទៅលើផ្លូវអាក្រក់ជានិច្ច ដែលធ្វើឲ្យអ្នកមិនមានគំនិតល្អៗសោះឡើយ ជាហេតុធ្វើឲ្យអ្នកតែងតែ មិនស្រណុកនៅក្នុងចិត្ត មួម៉ៅក្ដៅក្រហាយជានិច្ច។ គំនិតអវិជ្ជមានលើអ្នកដទៃក៏បានបង្ហាញពីចំណុចមិនល្អនៅក្នុងគំនិតរបស់អ្នកដូចគ្នា។

២.មិនត្រេកអរអ្វីដែលខ្លួនមាន

មើលរំលងចំណុចល្អៗដែលខ្លួនមាន តែងតែរំពឹងអ្វីដែលនៅឆ្ងាយ មិនត្រេកអរអ្វីដែលមាននៅចំពោះមុខ។ ការរំពឹងហួសសមត្ថភាព ក៏ធ្វើឲ្យអ្នកខកចិត្តនៅពេលដែលមិនបានតាមប្រាថ្នា ដូច្នេះអ្នកត្រូវតែរៀនពេញចិត្តចំពោះអ្វីដែលខ្លួនមានឲ្យបានច្រើន។

៣.ចង់ឈ្នះចាញ់អ្នកដទៃ

តើអ្នកអាចស្ងប់ចិត្ត និងអាចមានក្ដីសុខដោយរបៀបណាទៅ? បើអ្នកតែងប្រកាន់ភាពឈ្នះត្រូវតែជារបស់អ្នក ដោយមិនមានហេតុផលសោះនោះ។ ភាពឈ្នះដោយគ្មានហេតុផលសាកសម មិនបានបង្ហាញពីជ័យជម្នះឡើយ ផ្ទុយទៅវិញគឺកំពុងតែបង្ហាញពីភាពបរាជ័យ ដែលមានក្នុងចិត្តរបស់អ្នកទៅវិញទេ ដោយសារតែឈ្នះបែបនោះ នឹងធ្វើឲ្យអ្នកគ្មានក្ដីសុខពិតប្រាកដឡើយ។ អ្នកអាចឈ្នះអ្នកដទៃបាន ប៉ុន្តែអ្នកមិនអាចយកឈ្នះចិត្តខ្លួនឯងបានទេ។

៤.ចិត្តចង្អៀតចង្អស់ ច្រណែន ឆាប់ខឹង និងតូចចិត្ត

ចិត្តច្រណែន ខឹង ស្អប់ បានបង្ហាញពីចំណុចអវិជ្ជមានក្នុងខ្លួនឲ្យអ្នកដទៃអាចវាយតម្លៃអ្នកបានយ៉ាងងាយ និងធ្វើឲ្យអ្នកបាត់បង់មនុស្សដែលនៅក្បែរខ្លួនទៅបន្ដិចម្ដង រហូតដល់អ្នករកនឹកមូលហេតុមិនឃើញសោះ។ យ៉ាងណាមិញគ្មាននរណាម្នាក់ដែលចង់ក្បែររាប់អាន មនុស្សដែលមានចិត្តចង្អៀតចង្អល់ឡើយ។

៥.ចេះដឹងពីជីវិតអ្នកដទៃច្រើនពេក

អ្នកគិតវិភាពគ្រប់យ៉ាងពីជីវិតប្រចាំថ្ងៃរបស់គេ ទាំងការរស់នៅ ការសិក្សា និងការងាររបស់គេសព្វបែបយ៉ាង រហូតដល់អ្នកត្រូវមកអង្គុយខឹង សើចយំជំនួសគេ ទាំងដែលជីវិតគេកំពុងតែទៅមុខរាល់ថ្ងៃ។ ប៉ុន្តែបើក្រឡេកមកមើលខ្លួនវិញឯងវិញ បែរជាមិនធ្វើអ្វីសោះ តើអ្នកអាចមានក្ដីសុខបានឬទេ?

ត្រឡប់មកវិញប្រសិនបើអ្នកមានសញ្ញាណាមួយ ក្នុងចំណោមសញ្ញាទាំង៥ខាងលើនេះ អ្នកគួរតែព្យាយាមកែប្រែខ្លួនឯង ឲ្យត្រឡប់មករៀនបើកចិត្តទូលាយ រៀនមើលមនុស្សជុំវិញខ្លួនក្នុងផ្លូវវិជ្ជមាន និងត្រូវចេះពេញចិត្តអ្វីដែលខ្លួនមាននៅចំពោះមុខឲ្យបានច្រើន៕