រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានអនុម័តទាំងស្រុងលើ សេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ក្រោយពីផ្ដើមតាក់តែងនៅឆ្នាំ២០១៤ ដោយក្រសួងពាណិជ្ជកម្ម ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ លើកឡើងថា សេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារនេះ គឺជាលិខិតតុបករណ៍ដ៏សំខាន់មួយទៀត របស់រាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ដើម្បីជួយសម្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
សេចក្ដីព្រាងច្បាប់នេះ ត្រូវបានផ្ដួចផ្ដើមតាក់តែងឡើងដោយក្រសួងពាណិជ្ជកម្មនៅឆ្នាំ២០១៤ និងបញ្ចប់ការរៀបចំនៅឆ្នាំ២០១៥ ហើយនៅឆ្នាំ២០១៦សេចក្ដីព្រាងច្បាប់នេះត្រូវបានបញ្ជូនទៅប្រជុំដើម្បីពិនិត្យ និងពិភាក្សាកម្រិតបច្ចេកទេសនៅទីស្ដីការគណៈរដ្ឋមន្ត្រីរហូតឈានដល់ការដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងកែសម្រួលនៅឆ្នាំ២០១៩។
អស់រយៈពេល ៤ឆ្នាំ តាមរយៈកិច្ចពិភាក្សា ផ្ដល់ធាតុចូលដើម្បីកែសម្រួលទាំងក្នុងកិច្ចប្រជុំអន្តរក្រសួង និងអន្តរក្រសួងចង្អៀតជាច្រើនលើក ទើបឈានដល់ការដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញឲ្យផលិតផលម្ហូបអាហារទាំងអស់មានសុវត្ថិភាព គុណភាព និងស្របតាមស្តង់ដាកំណត់ សំដៅធានាកម្រិតនៃការការពារអាយុជីវិតនិង សុខភាពប្រជាពលរដ្ឋ ព្រមទាំងធានាបាននូវប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ៕