អូស្ត្រាលីនឹងផ្តល់ជំនួយជាទូត្រជាក់ ចំនួន៣៣គ្រឿង សម្រាប់រក្សាវ៉ាក់សាំង

រាជធានីភ្នំពេញ៖ សារលិខិតរបស់ឯកឧត្តម Scott Morrison​ នាយករដ្ឋមន្រ្តីអូស្រ្តាលី ក្នុងឱកាសខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសអូស្ត្រាលី និងកម្ពុជា បានបញ្ជាក់ថា ប្រទេសអូស្ត្រាលីបានប្រកាសពីការផ្ដល់ជំនួយជាទូត្រជាក់ចំនួន ៣៣គ្រឿង សម្រាប់រក្សាវ៉ាក់សាំងPfizer ដល់កម្ពុជា។ 

ការប្រកាសផ្ដល់ជំនួយនេះក្នុងឱកាសដែលសម្ដេចតេជោ នាយករដ្ឋមន្រ្តី បានទទួលជួបលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ ២០២២។ 

លោក Pablo Kang បានគោរពជម្រាបជូនសម្តេចតេជោថា អូស្ត្រាលី នឹងផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការជាដៃគូលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីផលិត កសិផល ក្នុងការនាំចេញទៅប្រទេសក្រៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់វ៉ាក់សាំង​ និងទូត្រជាក់រក្សាវ៉ាក់សាំង និងកិច្ចសហប្រតិបត្តិការជាដៃគូជា ពិសេសលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីជំរុញ ចង្វាក់ផលិតកម្ម សម្រាប់ការនាំចេញផលិតផលកសិកម្មកម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានស្នើឲ្យឯកឧត្តម Pablo Kang ធ្វើការពិនិត្យលើវិស័យផ្សេងៗទៀត ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើទំនាក់ទំនងរវាងប្រទេសទាំងពីរ៕