ខេត្តកណ្ដាល៖ ស្ថានីយ៍សាក EV ចំនួន ១0 នឹងត្រូវសាងសង់នៅក្នុងឆ្នាំនេះ ហើយស្ថានីយ៍សាក EV ក៏នឹងត្រូវបង្កើតឡើងផងដែរនៅក្នុងខេត្ត បាត់ដំបង សៀមរាប និង ព្រះសីហនុ។ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបែបនេះ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ ឃ្លាំងស្តុកទំនិញត្រជាក់ នៅខេត្តកណ្តាល កាលពីថ្ងៃ២២មីនា ២០២២។
ដើម្បីផ្សព្វផ្សាយរថយន្តអគ្គិសនី ឬ EVs នៅក្នុងប្រទេស ក្រសួងនឹងដាក់បង្ហាញជាលើកដំបូង នូវរថយន្តអគ្គិសនី និងបច្ចេកវិទ្យាពាក់ព័ន្ធនានានៅចុងសប្តាហ៍នេះ ដោយបានអញ្ជើញក្រុមហ៊ុនផលិតរថយន្ត EV ចូលរួមព្រឹត្តិការណ៍នេះ។
លោក មានប្រសាសន៍ថា៖ នៅថ្ងៃសៅរ៍ ក្រសួងនឹងដាក់តាំងបង្ហាញរថយន្ត EV នៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រុមហ៊ុនផលិតរថយន្ត EV និងម៉ូតូនឹងបង្ហាញផលិតផល និងធ្វើការពិភាក្សាជាក្រុមស្តីពីយុទ្ធសាស្ត្រ EV របស់កម្ពុជា។
បន្ថែមពីនេះ លោកបានបន្តលើកឡើងថា៖ ព្រឹត្តិការណ៍នេះគឺស្របតាមផែនការរបស់រដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយរថយន្តអគ្គិសនីក្នុងប្រទេស។ ក្រសួងក៏កំពុងពិភាក្សាជាមួយស្ថានីយចាក់ប្រេងឥន្ធនៈ ដូចជា Caltex, Total និង PTT ដើម្បីដំឡើងចំណុចសាក EV ។ ដោយពួកគេបានយល់ព្រមរួចហើយ៕