ប្រទេសឡាវ៖ គម្រោងនៃការសាងសង់ផ្លូវដែកប្រវែង 555 គីឡូម៉ែត្រ (452 គីឡូម៉ែត្រស្ថិតក្នុងប្រទេសឡាវ និង 103 គីឡូម៉ែត្រស្ថិតក្នុងប្រទេសវៀតណាម) ដែលនឹងត្រូវតភ្ជាប់ពី រដ្ឋធានីវៀងច័ន្ទរបស់ឡាវ មកកំពង់ផែសមុទ្រ Vung Ang ក្នុងខេត្ត Quang Binh ភាគកណ្តាល ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅត្រីមាសចុងក្រោយនៃឆ្នាំនេះ។
ផ្លូវដែកនេះ នឹងអនុញ្ញាតឱ្យពាណិជ្ជកម្មរបស់ប្រទេសឡាវ អាចចូលដល់កំពង់ផែសមុទ្រទឹកជ្រៅ និងនាំចេញទៅក្រៅប្រទេសបន្ត។ ផ្លូវដែកនេះ ក៏នឹងផ្លាស់ប្តូរជាមួយផ្លូវដែក ពីខាងជើង-ខាងត្បូង របស់វៀតណាម និងអាចបើកឱកាសនៃសេវាកម្មផ្លូវដែក នៃការធ្វើដំណើរពី ហាណូយ-វៀងចន្ទន៍។ ផ្លូវដែកនេះផងដែរ នឹងតភ្ជាប់ទៅផ្លូវដែកចិន-ឡាវ នៅទីក្រុងវៀងចន្ទន៍ ដែលបានដាក់ឲ្យដំណើរការរួចមកហើយផងដែរ។
ការសិក្សាអំពីលទ្ធភាពសាងសង់នេះ ត្រូវបានធ្វើនៅក្នុងឆ្នាំ 2015 ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ហើយនៅឆ្នាំ 2017 វាត្រូវបានប្រកាសថា គម្រោងនេះអាចដំណើរការបាន។
ថ្មីៗនេះ ក្រុមហ៊ុនវៀតណាម FLC បានចាប់ដៃជាមួយក្រុមហ៊ុន Petroleum Trading Lao Public Company របស់ឡាវ ដើម្បីសាងសង់ផ្លូវដែកតម្លៃ៥ពាន់លានដុល្លារ រវាងប្រទេសទាំងពីរ។ ក្រុមហ៊ុនទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនៅក្នុងរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវកាលពីថ្ងៃចន្ទផងដែរ។
ក្រុមហ៊ុន FLC នឹងទទួលបន្ទុកសាងសង់មួយផ្នែកក្នុងប្រទេសវៀតណាម មានចម្ងាយ 103 គីឡូម៉ែត្រ ពីព្រំដែន Cha Lo ទៅកំពង់ផែសមុទ្រ។ ចំណែកផ្នែកក្នុងប្រទេសឡាវ នឹងត្រូវបានសាងសង់ដោយក្រុមហ៊ុន PetroTrade ដែលជាក្រុមហ៊ុនចែកចាយប្រេងឈានមុខគេរបស់ប្រទេសឡាវ៕