បែងចែកឲ្យងាយយល់ ពីភាពខុសគ្នានៃអេក្រង់ HD, FHD, QHD, UHD, 4K, 8K

បច្ចេកវិទ្យា៖ ឧបករណ៍ឆ្លាតវៃដែលមានភ្ជាប់ជាមួយអេក្រក់ ដូចជាកុំព្យូទ័រ ទូរទស្សន៍ ឬទូរស័ព្ទដៃ មានចំនុចជាច្រើនដែលអ្នកអាចយល់ដឹង មុននឹងសម្រេចចិត្ត ក្រៅពីមើលើ់Spec សំខាន់ៗរបស់ឧបករណ៍ទាំងនោះ។ 

ផ្ដោតតែលើអេក្រង់ ក្រោយបានលើកឡើងពី Refresh Rate រួចមក ច្បាស់ណាស់អ្នកប្រាកដជាធ្លាប់ឃើញគេសរសេរជាពាក្យកាត់ លើអេក្រង់ថា ជាប្រភេទ FHD, QHD,  UHD,  2K, 4K និងចុងក្រោយមានដល់ 5K, 8K។ តើវាខុសគ្នាយ៉ាងម៉េច? 

ឆ្លើយដោយខ្លី គឺវាខុសគ្នាទៅលើកម្រិតគុណភាព នៃការបង្ហាញរូបភាពលើអេក្រង់ ឬចំនួននៃ Pixel (ភីកសែល) របស់អេក្រង់នីមួយៗ ។ យើងដកស្រង់តែពាក្យកាត់ ដែលពេញនិយមជាងគេក្នុងផលិតផលនាពេលបច្ចុប្បន្ន៖

HD (High Definition)

ពាក្យដែលគេបង្កើតដំបូងឡើយ គឺសំដៅលើអេក្រង់ស្ដង់ដាររួមលើទូរទស្សន៍ជាត្រឹមតែជា HD TV ដែលសំគាល់លើគុណភាពនៃអេក្រង់ទូរទស្សន៍ ដែលមានខ្នាតជាមូលដ្ឋានគឺ ទទឹង 1,280 pixel (ភីកសែល), កម្ពស់720 pixel ( ភីកសែល) ហៅកាត់ខ្លីទៅជា 720p ។

បើគេគិតវាជាទំហំសមាមាត្រ នោះគឺ 16:9 (ផ្ដេក 16 pixel, បញ្ឈរ 9 pixel) លោកអ្នកអាចសង្កេតឃើញលេខសមាមាត្រនេះ នៅពេលថតរូបក្នុងទូរស័ព្ទដៃ។

FHD (Full High Definition)

រីឯពាក្យថា FHD ឬ Full HD គឺសំដៅលើកម្រិតគុណភាពនៃអេក្រង់ដែលខ្ពស់ជាង HD ដែលមានខ្នាត 1,920 x 1,080 pixel ( ភីកសែល) ហៅខ្លីថា 1080p ។

QHD (Quad High Definition)

ការវិវត្តិបន្តនៃគុណភាពអេក្រង់ពី FHD ឲ្យកាន់តែប្រសើរនោះ គឺដល់ QHD ។ អេក្រង់ QHD នេះ បានក្លាយជាជម្រើសដ៏ពេញនិយមនៅក្នុងទូរសព្ទទំនើប Tablet និងកុំព្យូទ័របច្ចុប្បន្ន។

គុណភាពរបស់ QHD គឺស្មើនឹងបួនដងនៃស្តង់ដារ HD 720p ។ ពោលគឺគុណភាពរបស់ QHD ស្មើ 2,560 x 1,440 pixel ឬហៅខ្លីថា  1440p ។  

2K

មានការច្រឡំគ្នារវាង QHD និង 2K ដែលជាក់ស្ដែងគុណភាពរបស់​ QHD គឺល្អជាង។ 2K មានត្រឹមតែ 2,048 × 1,080p ប៉ុណ្ណោះ ដែលតូចជាង QHD បន្តិច។

4K និង UHD (Ultra High Definition)

ក៏មានការភាន់ច្រលំគ្នាបន្តិច លើការប្រើប្រាស់ពាក្យទាំងពីរនេះ ដែលការពិតវាមិនដូចគ្នានោះទេ។  អេក្រង់ 4K ត្រូវបានប្រើនៅក្នុងការផលិត(ថត)មាតិកាវីដេអូ ឬក្នុងរោងកុនឌីជីថល និងមានលក្ខណៈពិសេសគឺ 4,096 x 2,160 ភីកសែល។

ឯ UHD ជាស្តង់ដារសម្រាប់អ្នកប្រើប្រាស់ និងការចាក់ផ្សាយពីអេក្រង់មកវិញ ក្នុងកម្រិតច្បាស់ជាង ៤ដងនៃ FHD នោះគឺដល់ទៅ 3,840 x 2,160 ភីកសែល។ ភាពខុសគ្នានេះ គឺមានសមាមាត្រខុសគ្នាបន្តិចបន្តួច រវាងការថតភាពយន្តនិងអេក្រង់បញ្ជាំង។ UHD មានសមាមាត្រ 16:9 ដូចគ្នានឹង HD, FHD ដែរ។

បច្ចេកវិទ្យាចុងក្រោយនេះ គេអាចផលិតអេក្រង់បានដល់គុណភាព 5K (5,120 x 2,880p), និង 8K (7,680 x 4,320 p) ដែលកាន់តែល្អជាង4K ទៅទៀត។ សូមចង់ចាំថា ចំនួនភីកសែលកាន់តែខ្ពស់ មិនតែងតែមានន័យថាអេក្រង់កាន់តែច្បាស់នោះទេ ព្រោះទំហំឧបករណ៍ឆ្លាតវៃ (តូចឬធំ) ក៏សំខាន់ផងដែរដល់ការមើលរូបភាព៕