ហេតុអ្វីកុំព្យូទ័រម៉ូឌែលតែមួយ បែរជាតម្លៃខុសគ្នា? សម្រាប់អ្នកដែលមានតម្រូវការទិញកុំព្យូទ័រប្រើជាលើកដំបូង មិនថាជា (Laptop/Desktop/Tablet) ឬមានកុំព្យូទ័រប្រើហើយ តែបែរជាមានបញ្ហាលើល្បឿនយឺត លើការប្រើប្រាស់មិនសមជាមួយការងារ របស់អ្នកជាដើម អត្ថបទខាងក្រោមនេះ នឹងបង្ហាញខ្លីពី Spec សំខាន់ៗដែលអ្នកគួរដឹងមុនអ្នកទិញប្រភេទណាមួយ។
គោលបំណងនៃការទិញកុំព្យូទ័រ
តើអ្នកទិញកុំព្យូទ័រដើម្បីអ្វី? ប្រើដើម្បីការងារប្រភេទណាសម្រាប់សិស្ស? ប្រើប្រាស់ទូទៅ? សម្រាប់ការងារការិយាល័យ? សម្រាប់ការរចនាក្រាហ្វិក? សម្រាប់ កាត់តវីដេអូឬ ធ្វើ Animation ? សម្រាប់លេងហ្គេម ឬ3D Rendering? នោះតម្លៃរបស់វា នឹងប្រែប្រួលទៅតាម Spec ជាក់ស្ដែងនៃការប្រើប្រាស់ទាំងនោះ។
Spec សំខាន់ៗ
Spec កាន់តែធំ តម្លៃកាន់តែថ្លៃ។ តើអ្នកបានដឹងអ្វីខ្លះពីគ្រឿងផ្សំសំខាន់ៗ ( Spare Part) របស់ កុំព្យូទ័រដែលអ្នកនឹងទិញមកប្រើ? យើងសូមបង្ហាញខ្លី ពី CPU, RAM, Hard Disk, Display, GPU ដូចខាងក្រោម៖
1. CPU
CPU (Central Processing Unit) ឬខ្លះហៅថា Processor ដើរតួជាខួរក្បាលនៃឧបករណ៍របស់អ្នក ដោយទទួលខុសត្រូវចំពោះដំណើរការនិងប្រតិបត្តិការណែនាំរបស់ម៉ាស៊ីន។
បច្ចុប្បន្ននេះ មាន CPUតែពីរក្រុមហ៊ុនប៉ុណ្ណោះ ដែលទទួលបានការពេញនិយមខ្លាំង នោះគឺ ពីក្រុមហ៊ុន Intel និងក្រុមហ៊ុន AMD ។
CPU របស់ Intel មានលេខសំគាល់របស់វាដែលអាចបញ្ជាក់ពីល្បឿន និងជំនាន់នៃ CPU ឧ, Core i9 12thGen 12900HS 3.4GHz ។
សេរ៊ីរបស់ intel ក្នុងតម្លៃសមរម្យប្រើគឺមានជា Core i5,Core i7,Core i9 និងជំនាន់ 10th Gen, 11th Gen, ចុងក្រោយក្នុងឆ្នាំ២០២២គឺ ជំនាន់ 12th Gen។ ដោយមានភ្ជាប់ជាមួយលេខ៤ខ្ទង់ ឬ៥ខ្ទង់ 12900HS, គឺអាចបញ្ជាក់ពីចំនួនCore របស់ CPU ជា 4Core, 8Core ឬអាចដល់ 64 Core។
ក្នុងឆ្នាំ២០២២នេះ Intelបានចេញដល់ i9 12th Gen (ជំនាន់ទី១២)អ្នកអាចសំគាល់លើសេរ៊ីរបស់ Intel ដូចជា Intel 12thGen 12900HS ឬ 1195HS ជាដើម។
ក្រុមហ៊ុន AMD ប្រើឈ្មោះសំគាត់ជា Ryzen ដែលមានដូចជា Ryzen 5, Ryzen 7, Ryzen 9, សេរ៊ីចុងក្រោយ Ryzen9 5900X ជាដើម ដែលជាទូទៅត្រូវបានគេជ្រើយរើយយកសម្រាប់ការងារលើ Graphic Rendering ឬហ្គេម ។
ដូច្នេះការរើសយក CPUកាន់តែខ្ពស់ គឺតម្លៃកាន់តែថ្លៃ ហើយសម្រាប់ការប្រើប្រាស់ ដែលប្រើលើកម្មវិធីធំៗដូចជា Premier Pro, After Effect ឬ Rendering ជាមួយ Lumion ជាដើម។
2. Storage (Hard Disk Drive ឬ SSD)
Storage ដែលជា Hard Disk Drive (HDD) ឬ អាចជាប្រភេទ SSD។ យើងបកប្រែថាជា ថាសរឹងសម្រាប់ផ្ទុកទិន្នន័យ។ HDD អាចរក្សាទុកមាតិកាឌីជីថលរបស់អ្នកទាំងអស់។ ឯកសារ រូបភាពតន្ត្រី វីដេអូ កម្មវិធី ចំណូលចិត្តកម្មវិធី និងប្រព័ន្ធប្រតិបត្តិការរបស់អ្នក(OS) តំណាងឱ្យមាតិកាឌីជីថលដែលផ្ទុកនៅលើថាសរឹង។
ក្នុង Laptop អ្នកនឹងមើលឃើញថា HDD កាន់តែធំគឺមានតម្លៃកាន់តែថ្លៃដូចជា 128GB, 256GB, 512G, 1TB ។ លោកអ្នកត្រូវការទំហំធំប្រើសិនបើអ្នកត្រូវការផ្ទុកនូវឯកសារជាវីដេអូច្រើន ឬត្រូវការផ្ទេរឯកសារចុះឡើង(អាចជា BACK UP) ដែលមានទំហំធំ។ ហើយល្បឿនរបស់ HDD គឺអាស្រ័យលើ ល្បឿនបង្វិលក្នុងមួយនាទី ឬ RPM ចំនុចនេះមិនសូវជាមានការចាប់អារម្មណ៍នោះទេ។
អានបន្តពី "ភាពខុសគ្នារវាង HDD និង SSD"
3. RAM
RAM (Random-access memory) វាជាសមាសធាតុដែលមានល្បឿនលឿន ដែលរក្សាទុកព័ត៌មានទាំងអស់ជាបណ្តោះអាសន្ន(មិននៅជាប់រហូត)ទាំងក្នុងពេលដំណើរការកម្មវិធី។ ស្រួលយល់គឺ ពេលអ្នកបើកកម្មវិធីណាមួយវានឹងដំណើរការលើ RAM មិនមែនលើ HDD នោះទេហើយពេលបិទកម្មវិធីនោះ RAM មិនមានផ្ទុកអ្វីទៀតនោះទេ។ វាខុសពីHDD សម្រាប់ផ្ទុកឯកសារ ទោះជាអ្នកបិទកុំព្យូទ័រ ក៏ឯកសាររបស់អ្នកមិនបាច់នោះដែរ។
RAM មាន 4G, 8G, 16G, 32G, 64G កាន់តែធំគឺតម្លៃកាន់តែថ្លៃ។ សម្រាប់អ្នករចនា Graphic ធម្មតា RAM 8G គឺគ្រប់គ្រាន់។ សម្រាប់អ្នកRender ប្រើ Lumion បាន RAMចាប់ពី 16G ឡើងគឺកាន់តែរហ័ស។
4. Display ឬ Monitor
Display សំដៅលើអេក្រង់កុំព្យូទ័រ ដែលបង្ហាញអត្ថបទនិងរូបភាពក្រាហ្វិកមកដល់អ្នក។យើងជ្រើសរើស Display ទៅតាមទំហំខ្នាតតូចឬធំ ដូចជា 12 inch,14.2អ៊ីង ឬ15.5អ៊ីង(ទូទៅគេប្រើទំហំអេក្រង់ជា អ៊ីង) និងជាចំនួនពណ៌Pixel (អាចជា HD, FHD…) ឯការរើសយក QLED សំខាន់សម្រាប់អ្នកការរចនា Graphic ផ្ដល់ពណ៌ច្បាស់ត្រជាក់ភ្នែក។ ឬជា Refresh Rate ដែលសំខាន់សម្រាប់លេងហ្គេមនិង Render (120Hz, 240Hz, 300Hz) របស់អេក្រង់។
អាចបន្ត ពី "Refresh Rate របស់អេក្រង់"
5. GPU ឬ Graphics Card
GPU (Graphics processing unit) ដែលជាប្រព័ន្ធដំណើរការឯកទេសដែលត្រូវបានរចនាឡើងដំបូងដើម្បីបង្កើនល្បឿនការបង្ហាញក្រាហ្វិក។ GPUs អាចដំណើរការទិន្នន័យជាច្រើនក្នុងពេលដំណាលគ្នាដែលធ្វើឱ្យវាមានប្រយោជន៍សម្រាប់ការកាត់តវីដេអូ ការRedner និងកម្មវិធីហ្គេម។
GPU ខុសគ្នាពី CPU គឺថាCPU ត្រូវបានរចនាឡើងដើម្បីដោះស្រាយកិច្ចការជាច្រើនយ៉ាងរហ័ស(ដូចដែលវាស់ដោយល្បឿននាឡិកា CPU)។ ឯ GPU ត្រូវបានរចនាឡើងដើម្បីបង្ហាញរូបភាព និងវីដេអូដែលមានគុណភាពបង្ហាញខ្ពស់ ក្នុងពេលដំណាលគ្នា។
ក្នុងទីផ្សារ GPU នេះមានក្រុមហ៊ុនពីរដែលល្បីល្បាញក្នុងការផលិតGPU នោះគឺ Nvidia និង Intel ។ Intel មានសេរីជា Intel Iris តែមិនសូវទទួលបានការពេញនិយម សម្រាប់អ្នករចនាក្រាភិចឬ អ្នកលេងហ្គេមនោះទេ។
សម្រាប់ Nvidia វិញល្បីល្បាញលើការផលិតសេរ៊ី GeForce RTX ដូចជា RTX3050, RTX3060, RTX 3070 Ti, RTX 3080, ចុងក្រោយក្នុងឆ្នាំ២០២២គឺ RTX3090។
សរុបមកវិញ អ្នកអាចរើសយក Spec ដែលខ្ពស់បាន ឩ CPU (Core i9 12thGen 12900HS), RAM( 32GB), HDD( 1TB), DISPLAY (FHD), GPU( RTX 3090) តែបើប្រើសម្រាប់តែកម្មវិធីការិយាល័យ គឺមិនចាំបាច់ Spec ខ្ពស់បែបនេះទេ។ SPEC ខាងលើមានតម្លៃ ដែលសាកសមសម្រាប់អ្នក Render ឬអ្នកប្រើលើកម្មវិធីហ្គេមធំៗ ឯនោះវិញ៕