ប្រទេសវៀតណាម៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phoc បានរាយការណ៍ដល់សមាជិកសភា កាលពីថ្ងៃពុធថា ប្រទេសវៀតណាមបានយកពន្ធលើ បច្ចេកវិទ្យាធំៗដូចជា Google និង Facebook ចំនួន 5 ពាន់ពាន់លានដុង (218.53 លានដុល្លារ) ក្នុងឆ្នាំ 2008-2021។
លោក Phoc បាននិយាយថា ក្នុងអំឡុងពេល 4 ឆ្នាំនេះ ក្រុមហ៊ុន Facebook ត្រូវបានបង់ពន្ធ 1.69 ពាន់ពាន់លានដុង Google 1.62 ពាន់ពាន់លានដុង និង Microsoft 577 ពាន់លានដុង។ នេះបើតាមការចុះផ្សាយ របស់សារព៌ត៌មាន។
លោក Phoc បានបន្ថែមថា កាលពីឆ្នាំមុន វៀតណាមរកចំណូលបាន 1.32 ពាន់ពាន់លានដុង ពីការយកពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ ដោយកើនឡើង 15 ភាគរយធៀបនឹងឆ្នាំ 2020 ។
អាជ្ញាធរវៀតណាម បាននឹងកំពុងអំពាវនាវឱ្យមានការយកពនន្ធឲ្យបានច្បាស់លាស់ ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Facebook និង Google ដោយនិយាយថា ក្រុមហ៊ុនទាំងនេះមានចំណែកប្រហែល 70 ភាគរយនៃទីផ្សារផ្សាយពាណិជ្ជកម្មអនឡាញ ប៉ុន្តែប្រើមធ្យោបាយផ្សេងគ្នាដើម្បីគេចវេសពីពន្ធ។
អគ្គនាយកដ្ឋានពន្ធដារ វៀតណាមបាននិយាយកាលពីឆ្នាំមុនថា Facebook, Google, Netflix, YouTube និងបច្ចេកវិទ្យាឆ្លងដែនផ្សេងទៀត មិនបានបំពេញកាតព្វកិច្ចពន្ធរបស់ពួកគេនៅក្នុងប្រទេសវៀតណាមនោះទេ។
ប្រទេសវៀតណាមក៏កំពុងសម្លឹងមើលការយកពន្ធលើអ្នកលក់អនឡាញផងដែរ ទាំងនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសារការលក់តាមអេឡិចត្រូនិកបានកើនឡើងទ្វេដងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕