ប្រទេសដែលបានផ្ដល់ជំនួយ ជាកម្ចីនិងសព្វាវុធយោធា ដល់អ៊ុយក្រែន

ប្រទេសរុស្ស៊ី បានលើកទ័ពចូលប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០២២។ រុស្ស៊ី បានប្រើពាក្យថា ប្រតិបត្តិការទ័ពពិសេស។ តែសម្រាប់ប្រទេសលោកខាងលិច បានប្រើពាក្យថា ជាការឈ្លានពានលើ ទឹកដីអ៊ុយក្រែន។ វិបត្តិនេះ បានអូសបន្លាយមានរយៈពេលជាងកន្លះខែមកហើយ ដោយមិនទាន់មានដំណោះស្រាយល្អប្រសើរ ណាមួយកើតឡើងនោះទេ បើទោះជាមានការជួបចរចាររវាងភាគីទាំងពីរចំនួន៣ដងរួចមកហើយក្ដី។

ព្រឹត្តិការណ៍ចុងក្រោយ ពិតមែនតែសហរដ្ឋអាមេរិក ​បាន​ច្រានចោលសំណើនៃ​ការ​បញ្ជូនទ័ពទៅអ៊ុយក្រែន, អង្គការ NATO បានបដិសេដចំពោះសំណើ ដោយសម្រេចមិនបិទដែនអាកាស (NO FLY ZONE) ក៏ដោយ។ ប៉ុន្ដែអាមេរិក និងប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី និងបានបង្កើនការបញ្ជូន អាវុធនិងប្រាក់កម្ចីទៅឱ្យអ៊ុយក្រែន ជាបន្តបន្ទាប់ (ដោយមិនប្រើទម្រង់ជា NATO) ដើម្បីប្រយុទ្ធនិងការពារខ្លួន ខណៈប្រទេសចិនមើលឃើញថា ការធ្វើបែបនេះ ជាការថែមកំដៅកាន់តែខ្លាំង ដោយជម្រុញឲ្យងាកមករកការចរចារការទូតវិញ។ 

សហរដ្ឋអាមេរិក

កាលពីថ្ងៃទី 25 ខែកុម្ភៈ ប្រធានាធិបតី Joe Biden បានបញ្ជាឱ្យក្រសួងការបរទេស បញ្ចេញអាវុធបន្ថែម 350 លានដុល្លារពីស្តុករបស់អាមេរិក ទៅកាន់អ៊ុយក្រែន។ អ៊ុយក្រែន បានស្នើសុំអាវុធប្រឆាំងរថក្រោះ Javelin, និងមីស៊ីល Stinger (ដើម្បីបាញ់ទម្លាក់យន្តហោះ)។

សូមរំលឹកដែរថា៖ រាប់ចាប់តាំងពីឆ្នាំ 2014 សហរដ្ឋអាមេរិក ធ្លាប់បានផ្តល់ជំនួយយោធាជាង 2.5 ពាន់លានដុល្លារ រួមទាំង មីស៊ីលប្រឆាំងរថក្រោះ Javelin, នាវាល្បាតឆ្នេរ Humvees,  កាំភ្លើងលបបាញ់(Sniper) យន្តហោះគ្មានមនុស្សបើក(Drone) ប្រព័ន្ធឈ្លបយកការណ៍ ប្រព័ន្ធរ៉ាដា ឧបករណ៍ឆ្លុះពេលយប់ និងឧបករណ៍វិទ្យុទាក់ទងជាដើមនិងមានការផ្គត់ផ្គង់បន្ថែមទៀតអាចរួមមាន មីស៊ីលបាញ់យន្តហោះ Stinger, អាវុធធុនតូច និងនាវាចម្បាំងផងដែរ។

សហភាព​អឺរ៉ុប ៖ មេដឹកនាំសហភាពអឺរ៉ុប បានយល់ព្រមផ្តល់ហិរញ្ញប្បទានដល់ការទិញ និងចែកចាយសព្វាវុធ ដែលមានតម្លៃ 450 លានអឺរ៉ូ (502 លានដុល្លារ) ទៅកាន់ទីក្រុង គៀវ  (ច្រើនជាប្រភេទយន្តហោះចម្បាំង)។

ចក្រភពអង់គ្លេស

ក្នុងខែមករា (មុនរុស្ស៊ីវាយឡុកចូលអ៊ុយក្រែន ) អង់គ្លេស​បាន​ផ្គត់ផ្គង់​អ៊ុយក្រែន​នូវមីស៊ីល ​ប្រឆាំង​រថក្រោះ​រយៈ​ចម្ងាយ​ខ្លី​ចំនួន ២០០០ ដើម​ ហើយ​បាន​បញ្ជូន​អ្នក​ជំនាញ​អង់គ្លេស​ទៅ​ផ្តល់​ការ​ហ្វឹកហ្វឺន និងបានផ្តល់រថពាសដែក Saxon ផងដែរ។ បន្ថែមពីនេះ អង់គ្លេស ក៏បានសន្យាផ្ដល់ជំនួយយោធាបន្ថែមទៀត៕

ប្រទេសបារាំង ៖ ប្រទេស​បារាំង ​បាន​បញ្ជូន​ជំនួយ​ និង​កំពុង​បញ្ជូន​សម្ភារៈ​យោធា​បន្ថែម​ទៀត​ ព្រម​ទាំង​ប្រេងឥន្ធនៈ។

ប្រទេសហូឡង់៖ ប្រកាសក្នុងថ្ងៃ ២៦កុម្ភៈ ដោយផ្ដល់ដល់អ៊ុយក្រែន នូវគ្រាប់រ៉ុក្កែត Stinger ការពារដែនអាកាសចំនួន ២០០ដើម។ ក្រៅពីនេះនៅមាន អាវុធប្រឆាំងរថក្រោះ "Panzerfaust 3" ចំនួន 50 ដើម ជាមួយនឹងគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ 400 គ្រាប់។

អាល្លឺម៉ង់ ៖ គ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ 1,000 គ្រឿង, មីស៊ីល Stinger(បាញ់យន្តហោះ) ចំនួន 500, Howitzers (ប្រភេទនៃកាំភ្លើងត្បាល់) ចំនួន 9, រថពាសដែក 14 គ្រឿង និងប្រេង 10,000 តោនទៅកាន់អ៊ុយក្រែន។

ប្រទេសកាណាដា ៖ បានបញ្ជូនអាវុធប្រភេទ Lethal (អាវុធដែលបង្កគ្រោះថ្នាក់ដល់ជីវិតខ្លាំងបំផុត) និងផ្តល់ប្រាក់កម្ចីដល់ទីក្រុង គៀវ ចំនួន៣៩៤ លានដុល្លារ ដើម្បីជួយការពារខ្លួន។

ស៊ុយអែត ន័រវែស និងដាណឺម៉ាក៖ បានបញ្ជូនអាវុធប្រឆាំងរថក្រោះចំនួន 5,000 ដើម ទៅកាន់ប្រទេសអ៊ុយក្រែន ដោយប្រទេសដាណឺម៉ាកបានរួមចំណែកបន្ថែមចំនួន 2,700 ។ ប្រទេសន័រវេសកំពុងបញ្ជូនមួកសុវត្ថិភាព និងពាសដែក និងអាវុធប្រឆាំងរថក្រោះM72 រហូតដល់ 2,000  ដើម។

ហ្វាំងឡង់៖ ផ្ដល់អាវុធដល់អ៊ុយក្រែន ហើយនឹងបញ្ជូនគ្រាប់រ៉ុក្កែតចំនួន 1,500 គ្រាប់ កាំភ្លើងវាយប្រហារចំនួន 2,500 ដើម គ្រាប់រំសេវចំនួន 150,000 គ្រាប់ និងកម្ចប់អាហារនៅទីវាល 70,000 ឈុត។

បែលហ្សិក ៖ ផ្គត់ផ្គង់ដល់អ៊ុយក្រែននូវកាំភ្លើងស្វ័យប្រវត្តិចំនួន ៣.០០០ ដើម និងអាវុធប្រឆាំងរថក្រោះ ២០០ ដើម ព្រមទាំងប្រេងឥន្ធនៈ ៣.៨០០ តោន។

ព័រទុយហ្គាល់ ៖ផ្តល់វ៉ែនតាសម្រាប់មើលពេលយប់ដល់អ៊ុយក្រែន អាវការពារគ្រាប់កាំភ្លើង មួកសុវត្ថិភាព គ្រាប់បែកដៃ គ្រាប់រំសេវ និងកាំភ្លើង G3 ស្វ័យប្រវត្តិ។

រូម៉ានី៖ ផ្តល់ការព្យាបាលអ្នករបួសក្នុងមន្ទីរពេទ្យយោធាចំនួន 11 កន្លែង ព្រមទាំងការបញ្ជូនប្រេងឥន្ធនៈ អាវការពារគ្រាប់កាំភ្លើង មួកសុវត្ថិភាព និងសម្ភារៈយោធាផ្សេងទៀតដែលមានតម្លៃ 3.3 លានដុល្លារ។

អេស្ប៉ាញ៖ ​ផ្គត់ផ្គង់​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​នូវ​គ្រាប់​បែក​ដៃ​ចំនួន​១.៣៧០គ្រាប់, គ្រាប់កាំភ្លើង ​៧០០.០០០ និង​អាវុធ​ស្វ័យប្រវត្តិ​ធុន​ស្រាល ។

សាធារណរដ្ឋ​ឆែក៖ បញ្ជូនកាំភ្លើងត្បាល់ដល់អ៊ុយក្រែនចំនួន 4,000 គ្រាប់, 30,000 កាំភ្លើងខ្លី, កាំភ្លើងវែង 7,000 ដើម, កាំភ្លើងយន្ត 3,000 ដើម, កាំភ្លើងលបបាញ់ជាច្រើន និងគ្រាប់ ១លានគ្រាប់។

ក្រៅពីនេះនៅមាន ប្រទេសក្រិក ប្រទេសឆែក ប្រទេសក្រូអាត នឹង​បញ្ជូន​អាវុធ​ធុន​តូច និង​គ្រឿង​សឹក​ក្នុង​តម្លៃ ១៦ លាន​អឺរ៉ូ៕