ប្រទេសចំនួន៥ ដែលទិញអាវុធពីប្រទេសរុស្ស៊ីច្រើនជាងគេបំផុត

លោអ្នកច្បាស់ជាធ្លាប់លឺពីប្រភេទកាំភ្លើង AK-47 ដែលត្រូវបានប្រើប្រាស់ក្នុងពិភពលោក ប្រមាណ 100 លានដើម ដែលផលិតផលនេះជារបស់រុស្ស៊ី AK (Avtomat Kalashnikova) - 47 ជាឆ្នាំនៃការផលិត។ ក្រៅពីនេះ គេច្រើនស្គាល់ជាងគេនោះមាន យន្តហោះចម្បាំងសេរ៊ី MiG, ប្រព័ន្ធការពារអាកាស S-400, និងរថក្រោះចម្បាំងសេរ៊ី T (ឧ.T-14 Amarta) ជាដើម។

រុស្ស៊ីគឺជាប្រទេសនាំចេញអាវុធធំទីពីររបស់ពិភពលោក នៅពីក្រោយសហរដ្ឋអាមេរិក ដែលមានចំនួនប្រហែល 20 ភាគរយនៃការលក់អាវុធពិភពលោក។ ក្នុងចន្លោះឆ្នាំ 2016 និង 2020 ទីក្រុងម៉ូស្គូ គឺបានលក់អាវុធដែលមានទឹកប្រាក់ដល់ចំនួន 28 ពាន់លានដុល្លារអាមេរិក ទៅឱ្យ 45 ប្រទេស។

អតិថិជនដ៏ធំបំផុតរបស់រុស្ស៊ី គឺមានប្រទេសឥណ្ឌា (បានទិញអាវុធ 23ភាគរយ នៃអាវុធរបស់ប្រទេសរុស្ស៊ី ) ក្នុងតម្លៃប្រហែល 6.5 ពាន់លានដុល្លារក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ។ ការនាំចូលអាវុធរបស់ប្រទេសឥណ្ឌា មាន 49.3 ភាគរយ មកពីប្រទេសរុស្ស៊ី។

យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្ដុកហូម (SIPRI) បានឱ្យដឹងថា ប្រទេសចិនគឺជាអ្នកទិញអាវុធធំទីពីររបស់រុស្ស៊ី ចំនួន $ 5.1bn ក្នុងរយៈពេលដូចគ្នា បន្ទាប់មកគឺអាល់ហ្សេរី ($4.2bn) អេហ្ស៊ីប ($3.3bn) និងវៀតណាម ($1.7bn) ។

រុស្ស៊ី​នាំ បាននាំចេញ​សព្វាវុធ​ជាច្រើន​ប្រភេទ ​រួម​មាន​យន្តហោះចម្បាំង គ្រឿងម៉ាស៊ីន គ្រាប់ម៉ីសីល រថគ្រោះ និង​ប្រព័ន្ធ​ការពារ​អាកាសផងដែរ។ ដោយឡែកប្រភេទនៃយន្តហោះចម្បាំង ជាប្រភេទទំនិញដែលរុស្ស៊ីនាំចេញច្រើនជាងគេបំផុត ដែលមានជិតពាក់កណ្តាល (48.6 ភាគរយ) នៃការនាំចេញអាវុធសរុបរបស់រុស្ស៊ី។

យោងតាម ​​SIPRI បានឱ្យដឹងថា នៅឆ្នាំ 2020 សហរដ្ឋអាមេរិកបានចំណាយប្រាក់ 778 ពាន់លានដុល្លារលើវិស័យការពារជាតិ ដែលជាការចំណាយលើផ្នែកយោធាដ៏ធំបំផុតនៅក្នុងពិភពលោក។ ប្រទេស​ចិន​ជាប់​ចំណាត់​ថ្នាក់​លេខ​ពីរ ​ដែល​មាន​តម្លៃ 252 ពាន់​លាន​ដុល្លារ ​តាម​ពី​ក្រោយ​ដោយ​ប្រទេស​ឥណ្ឌា​ចំនួន 73 ពាន់​លាន​ដុល្លារ រុស្ស៊ី​មាន​ចំនួន 62 ពាន់​លាន​ដុល្លារ និង​ចក្រភព​អង់គ្លេស​មាន​ចំនួន 59 ពាន់​លាន​ដុល្លារ៕