រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចីពីធនាគារពិភពលោកតាមរយៈគម្រោងលេខ IDA Credit 6279-KH សម្រាប់ធ្វើការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ដើម្បីធន់នឹងការបម្រែបម្រួលអាកាសធាតុ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ក្រសួងបានចាប់ផ្ដើមធ្វើការពង្រីក និងជួសជុលផ្លូវជាតិលេខ៤ចាប់ពីឃុំបែកចាន ស្រុក អង្គស្នួលខេត្តកណ្ដាល (គ.ម ១៩ +៧០០)និងបញ្ចប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (គ.ម ២១៥ + ៨០០)ដែលប្រភេទការងារមានដូចជា៖
- ការងារពង្រីកផ្លូវកៅស៊ូបច្ចុប្បន្នពីទទឹក ៧ម៉ែត្រ ទៅទទឹងចាក់កៅស៊ូ ១០ម៉ែត្រ
- ការងារពង្រីកស្ពានបេតុង និងលូ ចំនួន៤៦ទីតាំង
- ការងារស្ថាបនាស្ពានថ្មី ចំនួន ៨ទីតាំង
រយៈពេលនៃការងារស្ថាបនាពង្រីកនិងជួសជុលថែទាំផ្លូវជាតិលេខ៤នេះ ចាប់ផ្ដើមពីខែធ្នូ២០២១ ដល់ ធ្នូ ២០២៦៕