កម្ពុជា ​បើកសម្ពោធ​ស្ថានទូត​នៅ​តួកគី​ជា​ផ្លូវការ និងប្ដេជ្ញាជម្រុញពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់ ១ពាន់លានដុល្លារអាមេរិក

ទីក្រុងអង់ការ៉ា៖  កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Mevlüt Çavuşoğlu រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋតួកគី បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងអង់ការ៉ា។ ​បច្ចុប្បន្ន​ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ទួ​រ​គី​ ​គឺ​លោក​ ​មាស​ ​គឹម​ហេង​។​

តាមប្រកាសព័ត៌មានរបស់ក្រសួង បានបញ្ជាក់ថា ​វត្តមានរបស់សម្តេច​នាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​ដែលបាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួកគី​ ​ចន្លោះ​ពី​ថ្ងៃ​ទី​២​០​-​២​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៨ ​គឺជាការបើកទំព័រសករាជថ្មី នៃទំនាក់ទំនងយ៉ាងស្វាហាប់រវាងកម្ពុជា តួកគី។

​ក្នុងថ្ងៃសម្ពោធនេះ ឯកឧត្តម ប្រាក់ សុ​ខុន​ ​និងរដ្ឋមន្រ្តីការបរទេស តួកគី ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ជៀសវាង​ការ​យកពន្ធ​ទ្វេ​រ​ដង​ ​និង​ការ​ទប់​ស្កាត់​ការ​គេច​វេ​ស​ពី​សារពើពន្ធ​ទាក់ទង​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​ ​និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា​ដែរ។

រដ្ឋមន្រ្តីទាំងពីរបានសម្ដែងនូវការប្ដេជ្ញាចិត្ត ដើម្បីជម្រុញពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់ ១ពាន់លានដុល្លារអាមេរិក ទៅតាមសក្ដានុពលសេដ្ឋកិច្ចដែលមាន និងលើកទឹកចិត្តឲ្យមានការប្រជុំញឹកញ៉ាប់នៃធុរកិច្ចជនក្នុងប្រទេសទាំងពីរ៕