គ្រួសារជាចំណែកដ៏ធំមួយក្នុងជីវិត ព្រោះថាពេលដែលជួបសុខទុក្ខអ្វីក៏ដោយ តែងតែមានវត្តមានរបស់គ្រួសារនៅក្បែរ ចាំលើកទឹកចិត្ត ចាំអបអរពេលដែលជោគជ័យ និងជម្រុញស្មារតីឲ្យខិតខំប្រឹងប្រែង។ ដូច្នេះហើយអ្នកត្រូវតែមានពេលវេលាល្អៗ ដើម្បីបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ ឲ្យកាន់តែមានសុភមង្គល ដោយចាប់ផ្ដើមពីសកម្មភាពតូចៗប្រចាំថ្ងៃ។
១.ចំណាយពេលនិយាយគ្នាលេង៖ មុនពេលចូលគេងជាពេលដែលសាកសមដើម្បីនិយាយគ្នាលេងក្នុងគ្រួសារ ឲ្យមានភាពស្និទ្ធស្នាលជាមួយគ្នា។ សាកនិយាយលេង មើលទូរទស្សន៍ជុំគ្នា និយាយរឿងកំប្លែងៗ សប្បាយៗ ដើម្បីបង្កើតបរិយាយកាសឲ្យកាន់តែរីករាយ។
២.ទទួលទានអាហារជុំគ្នា៖ ទោះរវល់យ៉ាងណា យ៉ាងហោចណាស់គួរតែមួយថ្ងៃ ត្រូវបង្កើតពេលវេលាដើម្បីទទួលទានអាហារជុំក្រុមគ្រួសារឲ្យបានម្ដង ដើម្បីឲ្យគ្រួសារអ្នកកាន់តែកក់ក្ដៅ និងមានសុភមង្គល។
៣.ទៅវិស្សមកាល៖ មានវិស្សមកាលពីការងារ ការរៀនសូត្រ ដូចជាបុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ អុំទូក ឬក៏ចូលឆ្នាំសកលជាដើម គួរតែទៅវិស្សមកាលជុំគ្រួសារ តាមកន្លែងកម្សាន្តនានា ឲ្យកាន់តែមានទំនាក់ទំនងល្អជាមួយគ្រួសារអ្នក។
៤.ជូនអំណោយ៖ អំណោយមានតម្លៃបំផុតមិនមែនជាអំណោយដែលថ្លៃបំផុតនោះទេ ប៉ុន្តែជាអំណោយដែលត្រូវជាមួយតម្រូវការរបស់មនុស្សដែលអ្នកជូនអំណោយទៅឲ្យ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់លើ និងការសង្កេតពីចំណង់ចំណូលចិត្តរបស់សមាជិកគ្រួសារអ្នក។
៥.ធ្វើម្ហូបជុំគ្នាពេលទំនេរ៖ ម្ហូបប្រាកដជាឈ្ងុយឆ្ងាញ់ប្លែក ប្រសិនបើមានសមាជិកគ្រួសារធ្វើជុំគ្នា និងបង្កើតបរិយាកាសរីករាយ សប្បាយពេលកំពុងធ្វើទៀតផង ហើយក៏ទុកជាអនុស្សាវរីយ៍ដ៏ល្អមួយដល់ក្រុមគ្រួសារអ្នក ទុកជាការចងចាំ។
ចំពោះអ្នកដែលរវល់ខ្លាំងប្រាកដជា និយាយថាគ្មានពេលធ្វើរឿងទាំងនេះទេ ដោយសារតែមិនទំនេរជាប់ធ្វើការ ឬរៀនសូត្រជាដើម។ ប៉ុន្តែសូមកុំភ្លេចថាគ្រួសារក៏ជាភារកិច្ចមួយរបស់អ្នកដែរ ដើម្បីបំពេញជាប្រចាំ និងត្រូវតែមានទំនួលខុសត្រូវចានិច្ច កុំរវល់ខ្លាំងរហូតដល់បាត់បង់គ្រួសារទើបនឹកឃើញស្តាយតាមក្រោយ៕