ដំឡូងមីស្ងួតកម្ពុជាចំនួន៤០ម៉ឺនតោន នឹងត្រូវនាំចេញទៅប្រទេសចិន ចាប់ពីខែមីនា ២០២២ដល់ឆ្នាំ២០២៣

រាជធានីភ្នំពេញ៖ ដំឡូងមីស្ងួតកម្ពុជាចំនួន៤០ម៉ឺនតោន នឹងត្រូវនាំចេញទៅកាន់តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ចាប់ពីខែមីនា ២០២២ ដល់ឆ្នាំ ២០២៣ តាមរយៈកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា នាព្រឹកទី ២៤ កុម្ភៈឆ្នាំ ២០២២នេះ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម LAN Tianli អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាស្តីពី កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសំណូមពរដល់ អភិបាលខេត្តក្វាងស៊ី ឱ្យបន្តគាំទ្រ និងសម្របសម្រួលដល់ការនាំចូលដំឡូងមីស្ងួតកម្ពុជាទៅកាន់តំបន់ស្វយ័តក្វាងស៊ី និងស្នើជំរុញបន្ថែមដល់ក្រុមហ៊ុនចិន ដើម្បីបន្តរៀបចំអនុស្សរណៈយោគយល់គ្នាក្នុងការនាំចូលអង្ករ ពោត ស្វាយ ចេក និងផលិតផលសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសទៅកាន់តំបន់ស្វយ័តក្វាងស៊ី

នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនសម្រេចបាន ១១.១៩ ពាន់លានដុល្លារអាមេរិក ជាមួយនឹងការកើនឡើងប្រមាណ ៣៨% បើធៀបនឹងឆ្នាំ ២០២០។

ពីធីការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នា នៅព្រឹកនេះ រួមមាន៖ 

  • ទី១-អនុស្សរណៈស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងនាយកដ្ឋានពាណិជ្ជកម្មនៃតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។ 
  • ទី២-កិច្ចសន្យា ទិញលក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន Guangxi Rural Investment Group Agricultural Products Business Service Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd.។ 
  • ទី៣-អនុស្សរណៈយោគយល់គ្នាស្តីពី ពាណិជ្ជកម្មដំឡូងមីស្ងួតរវាងក្រុមហ៊ុន Guangxi Rural Investment Group Agricultural Products Business Service Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd. 
  • ទី៤-អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការដំឡូងមីស្ងួតឆ្នាំ២០២២ ដោយក្រុមហ៊ុន Guangxi Rural Investment Group Co., Ltd. Yuhua Hongda (Cambodia) Agriculture Development Co., Ltd. និងក្រុមហ៊ុន Hang Harvest Agriculture Co., Ltd.៕