រាជធានីភ្នំពេញ៖ ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២២ និងឈានទៅបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលនេះ តាមផែនការដែលបាន គ្រោងទុកនៅក្នុងខែ វិច្ឆិកា ឆ្នាំ២០២២។
នេះបើតាមលទ្ធផលនៃជំនួប ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោកជំទាវ Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ Infrastructure Asia (IA) ដឹកនាំដោយលោក Lavan Thiru នាយកប្រតិបត្តិ IA ។
លោក Lavan Thiru បានលើកឡើងថា៖ ក្រុមហ៊ុន YCH និង PricewaterhouseCooper (PwC) កំពុង ធ្វើការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ(PPLC) ហើយកាលពី សប្តាហ៍កន្លងទៅ ក្រុមហ៊ុនទាំងពីរបានប្រមូលទិន្នន័យដើម្បីធ្វើការវិភាគ និងបានចុះទៅពិនិត្យទីតាំងទាំង ៣កន្លែងផងដែរ។
លោក Lavan Thiru បានបន្តថា៖ ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ(PPLC) សម្រេចបានប្រមាណ៥០%ហើយ គ្រោងនឹងបញ្ចប់នៅពាក់ កណ្តាលខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីដាក់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យនិងសម្រេច។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនេះ និងរង់ចាំមើលលទ្ធផលនៃការសិក្សានេះនៅក្នុង ខែមេសា ឆ្នាំ២០២២ ដើម្បីឈានទៅបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលនេះ តាមផែនការដែលបាន គ្រោងទុកនៅក្នុងខែ វិច្ឆិកា ឆ្នាំ២០២២។
កិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោង PPLC រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនYCH និងក្រុមហ៊ុនInfrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ត្រូវបានចុះហត្ថលេខាតាមប្រព័ន្ធវីដេអូពីចម្ងាយ កាលពីខែមីនា ឆ្នាំ២០២១។
PPLC គឺជាគម្រោងដឹកជញ្ជូនយុទ្ធសាស្ត្រ មានទីតាំងស្ថិតនៅចំចំណុចកណ្តាលប្រទេសកម្ពុជា អាចផ្តល់ការគាំទ្រដល់ បណ្តាញចែកចាយទំនិញ និងបណ្តាញតភ្ជាប់គ្រប់មធ្យោបាយដឹកជញ្ជូនដូចជា៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស៕