រាជធានីភ្នំពេញៈ ក្រុមហ៊ុន HLH Agriculture (Cambodia) Limited ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Lai Huat Group Limited របស់ប្រទេសសិង្ហបុរី បានប្រកាសបើកសម្ពោធ មជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី (CSAH - Cambodia-Singapore Agricultural Hub) ដោយមានការចូលរួមពីអ្នកវិនិយោគធំៗជាច្រើន ពិសេសមកពីប្រទេសសិង្ហបុរី កាលពីរាត្រីថ្ងៃទី ១៨ ខែកុម្ភៈ ។
CSAH មានទីតាំង ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានផ្ទៃដីប្រមាណ ១០ ០០០ ហិកតា ។ គម្រោងនេះត្រូវបានរចនាប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីនៅប្រទេសសិង្ហបុរី Swan & Maclaren ដោយ បានបែងចែកដីជា ១៦ តំបន់ផ្សេងៗគ្នារួមមានដូចជា តំបន់សម្រាប់ការធ្វើកសិកម្ម ចិញ្ចឹមសត្វ ផលិតចំណីសត្វ ដីសម្រាប់ឯកជន កន្លែងស្នាក់នៅរួម មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ រុករករ៉ែ ឧស្សាហកម្ម ថាមពលអគ្គិសនី និងផលិតគ្រឿងសំណង់ជាដើម។
ក្នុងថ្ងៃជាមួយគ្នា ក្រុមហ៊ុន ក៏បាន ចុះអនុស្សរណៈជាមួយសហព័ន្ធផលិតកម្មសិង្ហបុរី Singapore Manufacturing Federation (SMF) តាមបណ្ដាញ Zoom ដើម្បីជួយជំរុញទាក់ទាញវិនិយោគិននៅក្រៅប្រទេសឱ្យចូលមកបណ្តាក់ទុននៅទីនោះផងដែរ។
លោក លេង ឃាង បាននិយាយថា បន្ទាប់ពីទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលក្នុងឆ្នាំ ២០០៨ ក្រុមហ៊ុនបានធ្វើការ ឈូសឆាយដី និងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងទឹក ព្រមទាំងបានដាំដំឡូងមី និង បង្កើតជារោងចក្រសម្រាប់កែច្នៃដំឡូងមីជាម្សៅ នាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបានមួយចំនួនរួចហើយ។ គិតមកដល់ពេលនេះក្រុមហ៊ុនបានបញ្ចេញថវិកាអស់ជាង ៣០ លានដុល្លារហើយលើការសិក្សា និងការរៀបចំផ្សេងៗលើទីតាំងនេះ៕